(ប៉េកាំង-ចិន)៖ ក្នុងជំនួបនៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាទីក្រុងប៉េកាំង លោក ស៉ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញការយល់ឃើញដូច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា ការភ័យខ្លាចគឺជាបញ្ហាដ៏ធំ ខណៈការពិតអត្រាឆ្លងជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណា មានកម្រិតទាបបំផុត បើធៀបជាមួយជំងឺផ្សេងៗទៀត។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតីភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ក្នុងជំនួបដ៏មានសារសំខាន់នេះ លោកប្រធានាធិបតីចិន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថាតាមការស្រាវជ្រាវជំងឺនេះអាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួនបានព្យាបាលឲ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ។
ប្រធានាធិបតីប្រទេសមហាអំណាចមួយនេះ បានវាយតម្លៃថា ជំងឺនេះគ្រាន់តែជាជំងឺមួយស្ថិតក្នុងអន្តរកាលប៉ុណ្ណោះ ហើយលោកក៏បានគូសបញ្ជាក់ដែរថា កាលពីប៉ុន្មានឆ្នាំមុន ចិនក៏បានជួបប្រទះជាមួយជំងឺ «សា» ផងដែរ។ លោកប្រធានាធិបតី បានអះអាងថា រដ្ឋាភិបាលចិន មានជំនឿលើសមត្ថភាពក្នុងការដោះស្រាយ និងកម្ចាត់ជំងឺនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយ ជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ ហើយបានគូសបញ្ជាក់ថា សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។ សម្ដេចបានសង្កត់ធ្ងន់ថា វត្តមានរបស់សម្តេច នៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខ ជាមួយប្រជាជនចិន។
គួរជម្រាបថា នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដនាពេលនេះ មិនមែនជាងជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នោះទេ ប៉ុន្តែគឺជាជំងឺភ័យខ្លាច ដែលកើតឡើងតាមរយៈការបំពុលព័ត៌មាន។
រហូតមកដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់មានករណីអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ មានតែមួយករណីប៉ុណ្ណោះលើជនជាតិចិន៕