(ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជំនួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចបានថ្លែងបញ្ជាក់នៅចំពោះមុខមេដឹកនាំកំពូលរបស់ចិនថា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងនេះ សម្តេចមិនពាក់ម៉ាក់ទេ បើពាក់ម៉ាស់នោះ សម្តេចមិនចាំបាច់មកទស្សនកិច្ច នៅប្រទេសចិននោះទេ។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន។
បើតាមលោក កៅ គឹមហួន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនលោក ស៊ី ជិនពីង ទៀតថា ទោះបីមិត្តចិនបានត្រៀមម៉ាស់ សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។
សម្តេចតេជោ ក៏បានប្រាប់លោក ស៊ី ជិនពីងថា មុនមកជួបនេះ សម្តេចបានចាប់ដៃលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បើទោះបីលោកទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ ក៏សម្តេចមិនខ្លាចនោះឡើយ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយ ជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កាលពីឆ្នាំទៅប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀនយោបាយជោគវាសនារួមគ្នា ហើយ មិនមាននរណា អាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។
សម្តេចតេជោបានមានប្រសាសន៍ថា វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។
លោកប្រធានាធិបតី ស៊ី ជិនពីង បានជម្រាបជូនសម្តេចតេជោថា លោកពិតជារីករាយ ក្នុងការជួបសម្តេចជាថ្មីម្តងទៀត នៅទីក្រុងប៉េកាំង។ លោកបន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកំពុងរស់ នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។
លោកប្រធានាធិបតីបានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជាបានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន។ លោកពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។
លោកបានគូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំកន្លងទៅនេះទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយ ជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងកម្រិតថ្មីមួយទៀត ចាប់ពីពេលនេះតទៅ។
លោកប្រធានាធិបតី បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលចិន មិនចាត់វិធានការភ្លាមៗ និងច្បាស់លាស់ទេ ជំងឺកូរ៉ូណាអាចមានគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងនេះ។
លោកប្រធានាធិបតីបន្តថា កន្លងមកនេះ រដ្ឋាភិបាលចិន បានបង្កើតគណៈកម្មការចំនួន៣ ធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន បានទទួលការគាំទ្រ និងអបអរសាទរពីអង្គការសុខភាពពិភពលោក WHO ចំពោះការព្យាយាមដោះស្រាយនូវជំងឺនេះ។
លោកប្រធានាធិបតី បានឱ្យដឹងថា ទីក្រុងវូហាន មានប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ហើយនៅខេត្តហូប៉ី មានប្រជាពលរដ្ឋចន្លោះពី៦០ ទៅ៧០លាននាក់។ ដោយសារតែមានចំណាត់ការច្បាស់លាស់ និងមានប្រសិទ្ធភាព ទើបធ្វើឱ្យការរីករាលដាលជំងឺនេះមានការថមថយ។
លោកប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា ការភ័យខ្លាច គឺជាបញ្ហាដ៏ធំ តាមពិតអត្រាឆ្លងជំងឺនេះ មានកម្រិតទាបបំផុត ធៀបជាមួយជំងឺផ្សេងៗទៀត។
លោកប្រធានាធិបតី បានលើកឡើងថា តាមការស្រាវជ្រាវជំងឺនេះ អាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួនបានព្យាបាលឱ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ។
លោកប្រធានាធិបតី បានវាយតម្លៃថា ជំងឺនេះគ្រាន់តែជាជំងឺមួយស្ថិតក្នុងអន្តរកាលប៉ុណ្ណោះ។ លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ដែរថា កាលពីប៉ុន្មានឆ្នាំមុន ចិន ក៏បានជួបប្រទះជាមួយជំងឺ «សា» ផងដែរ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលចិន មានជំងឺលើសមត្ថភាពក្នុងការដោះស្រាយ និងកម្ចាត់ជំងឺនេះ។
លោកប្រធានាធិបតី បានថ្លែងថា លោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ មិនតែប៉ុណ្ណោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន។
លោកប្រធានាធិបតី បានគូសបញ្ជាក់ថា មាននិស្សិតកម្ពុជាកំពុងនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន នឹងយកចិត្តទុកដាក់លើពលរដ្ឋ និងនិស្សិតចិន ដូចជាប្រជាពលរដ្ឋ និងកូនចៅរបស់ប្រជាពលរដ្ឋចិន។
លោកប្រធានាធិបតី បានគូសបញ្ជាក់ថា កម្ពុជាជាមិត្តស្មោះត្រង់របស់ចិន។ លោកប្រធានាធិបតី បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន។
លោកប្រធានាធិបតី ក៏បានអរព្រះគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫរាជឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺនដុល្លារ សម្រាប់ជួយដល់ការលំបាករបស់ចិន៕