(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្លាយជាមេដឹកនាំប្រទេសជាមិត្តរបស់ចិនដំបូងគេបំផុត ដែលបានទស្សនកិច្ចការងារនៅក្នុង ប្រទេសចិន ចំពេលចិនរងការរាតត្បាតដោយសារជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ ដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នាំឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងពីបណ្តាញផ្សព្វផ្សាយព័ត៌មានចិន និងលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញថា មានមូលហេតុចម្បងចំនួន៣ នាំឱ្យសម្តេចបំពេញទស្សនកិច្ច នៅចិននាពេលនេះ។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីចិន។
បើតាមលោក កៅ គឹមហួន, មូលហេតុដែលនាំឱ្យសម្តេចតេជោ សម្រេចចិត្តបំពេញទស្សនកិច្ចនៅចិននេះប្រថុចញ៉ុចនេះរួមមាន៖ ទី១៖ បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ, ទី២៖ ពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា រស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិន តស៊ូជាមួយប្រជាពលរដ្ឋចិន និងទី៣៖ បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជាថា ជំងឺរបស់ពលរដ្ឋកម្ពុជានាពេលនេះ មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជាជំងឺភ័យខ្លាច ដែលមកដល់ពេលនេះមិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់កើតនៅឡើយនោះ។
ជាតុល្យការមកដល់យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» បានកើតមានលើមនុស្សប្រមាណ ២៤,៦៣៤នាក់ បណ្តាលឱ្យស្លាប់ ៤៩២នាក់ ខណៈអ្នកឆ្លងជំងឺ៩១១នាក់ ត្រូវបានព្យាបាលឱ្យជាឡើងវិញ។
នៅចំពោះមុខប្រធានាធិបតីចិន, សម្តេចតេជោ ហ៊ុន សែន បានចូលសោកស្តាយ និងរំលែកនូវការលំបាកទាំងឡាយជាមួយរដ្ឋាភិបាលចិន ចំពោះហេតុការណ៍រាតត្បាតនៃជំងឺផ្លូវដង្ហើមនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺផ្លូវដង្ហើមនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ចំពោះឥរិយាបថរបស់ប្រទេសមួយចំនួនថា ហាក់កំពុងយកបញ្ហាជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ ធ្វើជាធ្វើសង្គ្រាមចិត្តសាស្ត្របង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕