(ប៉េកាំង)៖ ខណៈពេលនេះម៉ោង១០យប់ម៉ោងនៅទីក្រុងប៉េកាំង (ម៉ោង៩យប់នៅកម្ពុជា) ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងប៉េកាំងហើយ ដើម្បីត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ជំនួបពិសេសជាមួយមេដឹកនាំកំពូលៗរបស់ចិន។
តាមការពេលវេលា សម្តេចតេជោ ហ៊ុន សែន អាចនឹងមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ១៖៣០នាទី ឆ្លងចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
សូមជំរាបថា មុនពេលចាកចេញពីទីក្រុងប៉េកាំង សម្តេចបានបង្ហោះសារបង្ហាញនូវក្តីរីករាយ និងកក់ក្តៅក្នុងចិត្ត ដែលមេដឹកនាំកំពូលៗរបស់ចិនបានអះអាងថា នឹងមើលថែទាំឲ្យល្អបំផុតចំពោះពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលនៅទីក្រុងវូហាន មិនឲ្យឆ្លងនូវជំងឺរលាកសួតបង្កដោយវីរុសកូរ៉ណាឡើយ។
សម្តេចតេជោក៏បានណែនាំដល់និស្សិតដែលកំពុងស្នាក់នៅប្រទេសចិន ថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត៕