(ប៉េកាំង-ចិន)៖ ក្នុងជំនួបជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាទីក្រុងប៉េកាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចការងាររបស់សម្ដេចលើកនេះ គឺចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិន ក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំង ទៅនឹងវីរុសកូរ៉ូណានេះ។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនឹងចូលរួមសុខរួមទុក្ខជាមួយ នឹងគ្រួសារជនរងគ្រោះ ដោយសារវីរុសនេះ។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលចិន ដែលជួយដល់ប្រជាពលរដ្ឋកម្ពុជា កំពុងតែរស់នៅប្រទេសចិន គ្រាដែលរដ្ឋាភិបាលចិន បានចាត់វិធានការមួយចំនួនដើម្បីជួយដល់និស្សិតកម្ពុជា។
ជាមួយគ្នានេះលោក លី ខឺឈាង បានបញ្ជាក់ថា រដ្ឋាភិបាលចិន និងប្រជាជនចិន កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូរ៉ូណា។ តាមរយៈដំណើរទស្សនកិច្ច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសចិននៅពេលនេះ គឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។
លោក លី ខឺឈាង បានអះអាងថា រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន មានជំនឿយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំង ចំពោះជំងឺកូរ៉ូណានេះ ហើយចិន និងនៅតែបន្តគាំទ្រផលប្រយោជន៍របស់ប្រជាជនចិន និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទស្សនកិច្ចនៅពេលនេះ គឺបានបង្ហាញអំពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិន ក្នុងគ្រាលំបាកនេះ។ ពិសេសគឺបង្ហាញអំពីជំនឿចំពោះប្រជាពលរដ្ឋកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងរស់នៅប្រទេសចិន។ ទស្សនកិច្ចនៅពេលនេះ ក៏ដើម្បីលុបបំបាត់ នៃការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺការប្រឆាំងទៅនឹងភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់មិនមែនដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ហើយសម្ដេចចាត់ទុកថា បញ្ហាជំងឺកូរ៉ូណានេះ គឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ហើយមានមតិខ្លះចោទប្រកាន់ថា រាជរដ្ឋាភិបាល ថាបានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជាចិនទៅវិញ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការលើកឡើងនោះគឺសុទ្ធតែជារឿងមិនពិតទាល់តែសោះ ពីព្រោះសម្ដេចបន្តការយកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងតែសិក្សានៅ ប្រទេសចិន ហើយសម្ដេចមិនអាចរត់ចេញពីអ្វី ដែលកំពុងកើតឡើងនេះបានទេ ប៉ុន្តែសម្ដេចនៅតែបង្ហាញពីការរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋចិន៕