(កំពត)៖ យុទ្ធោបករណ៍ទំនើបៗ ព្រមទាំងសម្ភារបរិក្ខា រួមនឹងទាហានកម្ពុជា-ចិន ជាង៣ពាន់នាក់ នឹងបង្ហាញវត្តមាន ក្នុងសមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ នេះតាមការឱ្យដឹងរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការដឹកនាំធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីយោធាជំនាញមកពីអង្គភាពបញ្ជាការដ្ឋាននានា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
បើតាមការឱ្យដឹងរបស់ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយករងទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ និងជាប្រធានក្រុមការងារដឹកនាំបញ្ជា ប្រតិបត្តិការសមយុទ្ធនាគមាស ឆ្នាំ២០២០ថា ក្នុងឆ្នាំ២០២០នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងរៀបចំធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ ដែលមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ លើប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» សមយុទ្ធនេះត្រូវបានគណៈកម្មាធិការរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ ប្រទេសទាំងពីរ ចាប់ពីក្នុងអំឡុងថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដែលមានរយៈពេល ១៩ថ្ងៃ ទើបបញ្ចប់ ដែលសមយុទ្ធនេះ កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចាត់ចែងទូទៅចំនួន ២៧នាក់ កម្លាំងធ្វើសមយុទ្ធចំនួន ៤៦៣នាក់ និងក្រៅពីនោះជាកម្លាំង សម្រាប់ពិធីបើកនឹងបិទសមយុទ្ធ។
ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា បានបន្តថា ដោយឡែក កងកម្លាំងកងទ័ពជើងគោក កងទ័ពរំដោះប្រជាជនចិន មានកម្លាំងចូលរួមចំនួន ២៦៥នាក់ រួមនឹងយុទ្ធោបករណ៍ និងបរិក្ខារយោធា ដែលរួមមានយន្តហោះប្រភេទឧត្ថម្ភាកចក្រកងទ័ពជើងអាកាស មី១៧ប្រភេទ ហ្ស៊ែត ណាញ (Z9) រថពាសដែកប៉េអឹមប៉េ១, រថក្រោះតេ ៥៥, កាំភ្លើងធំធន់ធ្ងន់ប្រភេទអូសសណ្តោង, កាំភ្លើងត្បាល់ ១២០មីលីម៉ែត្រ, ៨២មីលីម៉ែត្រ, ៦០មីលីម៉ែត្រ រួមនឹងសព្វាវុធធុនស្រាល មួយចំនួនធំថែមទៀត។
រីឯកងទ័ពជើងគោកកងទ័ពរំដោះប្រជាជនចិន បានគ្រោងនឹងបញ្ជូនកម្លាំងចូលរួមចំនួន ២៦៥នាក់ រួមនឹងសម្ភារយុទ្ធោបករណ៍, យោធបរិក្ខាយោធា ដែលរួមមានឧត្ថម្ភាកចក្រ សម្រាប់បម្រើឱ្យសកម្មភាពសមយុទ្ធមាន Mi ១៧ រថពាសដែក បរិក្ខាប្រឆាំងភារវកម្ម អាវុធធុនស្រាល បរិក្ខារបម្រើឱ្យសកម្មភាពស៊ើបការណ៍ បរិក្ខារវិស្វកម្ម និងបរិក្ខារសម្រាប់សកម្មភាពការពារគីមីសាស្រ្ត។
មន្ត្រីយោធាជាន់ខ្ពស់ក្នុងកងពលតូចលេខ ៧០ និងមន្ត្រីជំនាញផ្នែកវិស្វកម្មដែលកំពុងប្រតិបត្តិការកសាង និងរៀបចំកែលម្អទីលានសមយុទ្ធនាគមាស ឆ្នាំ២០២០ នៅឯស្រុកជុំគីរី ខេត្តកំពត ក៏បានឱ្យដឹងផងដែរថា នាយទាហាន និងពលទាហាន ក្នុងអង្គភាពកងពលតូចលេខ ៧០ បាននឹងកំពុងដុតដៃដុតជើង ក្នុងការកសាងរៀបចំទីលាននេះឱ្យហើយរួចរាល់មុនការកំណត់ ទៅតាមបទបញ្ជារបស់ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលទាំងឡាយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នារៀបចំធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ កម្ពុជា-ចិននេះ ទទួលបានលទ្ធផលជោគជ័យ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា កាលពីឆ្នាំកន្លងៗមក ភាគីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្លាប់បានធ្វើលំហាត់សមយុទ្ធរួមគ្នាចំនួន៣ លើករួចមកហើយ ដែលលើកទី១ ធ្វើឡើងក្នុងឆ្នាំ២០១៦ នៅឯខេត្តកំពង់ស្ពឺ, លើកទី២ ធ្វើឡើងនៅភ្នំម្រះព្រៅ ក្នុងខេត្តកំពង់ស្ពឺ និងលើកទី៣ គឺធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោសែន ក្នុងស្រុកជុំគិរី ខេត្តកំពត ដែលមានលក្ខណៈទ្រង់ទ្រាយជាមធ្យម និងមានទំហំធំជាងកាលពីឆ្នាំ២០១៧ តែសម្រាប់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាសមយុទ្ធប្រឆាំងភារវកម្ម និងការងារមនុស្សធម៌ មានទំហំធំជាងបណ្តាលឆ្នាំមុនៗ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ពីគោលបំណងនៃការធ្វើសមយុទ្ធនាគមាសរួមគ្នា រវាងកម្ពុជា និងចិនថា គឺជាពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងយោធពលខខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការពង្រឹងសម្ថភាព លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ក្នុង១ឆ្នាំម្តងៗ និងគ្រប់ប្រភេទ័ព ស្របតាមកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ ក៏បានបន្ថែមថា សមយុទ្ធរួមគ្នាកម្ពុជា-ចិន សម្រាប់ឆ្នាំ២០២០នេះដែរ គឺធ្វើឡើងដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធា ស្តីពីប្រតិបត្តិការជាប្រពៃណី និងមិនប្រពៃណីបង្កើនកិច្ចពិភាក្សាទ្វេភាគី រវាងកងទ័ពកម្ពុជា-ចិន ដោយស្របតាមច្បាប់ និងបទបញ្ញត្តិកងទ័ព នៃប្រទេសទាំងពីរ និងដោយអនុវត្តនូវយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ ស្វែងយល់ រៀនសូត្រ ពីគ្នាទៅវិញទៅមក និងបង្កើនទំនាក់ទំនងគ្នា ស្របតាមយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
ដើម្បីឱ្យសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ដំណើរការទៅដោយរលូន និងមានសុវត្តិភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជំរុញឱ្យជំនាញពាក់ព័ន្ធត្រូវសហការគ្នាឱ្យកាន់តែជិតស្និទ្ធជាមួយនឹងកងពលតូចលេខ៧០ ក្នុងការសិក្សាលម្អិតអំពីទីតាំងនីមួយៗ ដើម្បីជំរុញដល់កិច្ចដំណើរការរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ឱ្យកាន់តែទទួលជោគជ័យ៕