(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈនេះ បានទទួលជួបប្រធានក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំ នៅប្រទេសម៉ាឡេស៊ី។
ជំនួបនេះមានគោលបំណងស្នើសុំការណែនាំ ចង្អុលបង្ហាញពីលោករដ្ឋមន្ត្រី ដើម្បីជាទុនសម្រាប់ការគិតពិចារណា ដាក់ទុនវិនិយោគលើការដាំដុះឫស្សី សម្រាប់ប្រើប្រាស់លើវិស័យថាមពល និងការចិញ្ចឹមចៀមនាំចេញ ទៅកាន់ទីផ្សារអារ៉ាប់។
លោក THUREING AUNG ដែលជានាយកក្រុមហ៊ុន Unique Worldwide បានជម្រាបជូនលោករដ្ឋមន្រ្តីថា ក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ដូច្នេះលោកសង្ឃឹមថា គម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយ:ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើ ដែលមានសក្តានុពលយ៉ាងល្អ ក្នុងការដាំឫស្សី និងចិញ្ចឹមចៀម ដែលជាប្រភពចំណូលប្រចាំគ្រួសារ។
លោករដ្ឋមន្ត្រី វេង សាខុន បានស្វាគមន៍ និងគាំទ្រចំពោះទស្សនវិស័យរបស់ក្រុមហ៊ុនវិនិយោគដាំឫស្សី និងចិញ្ចឹមចៀម ព្រោះថាកម្ពុជាមានធនធានឫស្សីយ៉ាងច្រើន ហើយលក្ខណ:អំណោយផលក្នុង ការដាំដុះក៏ល្អប្រសើរ ប៉ុន្តែយើងនៅមិនទាន់ប្រើប្រាស់ធនធានឫស្សី ឱ្យអស់សក្តានុពលរបស់វា។ ដូច្នេះ គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះ មានតម្លៃបន្ថែមទ្វេឡើង និងជាពិសេសនឹងធ្វើការទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី និងការចិញ្ចឹមសត្វ បង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល។
លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជា មួយរដ្ឋបាលព្រៃឈើ ដោយគួរជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជន សហការរួមគ្នាវិនិយោគ លើផលិតកម្មឫស្សីនេះ។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយ ក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចការគ្រោងទុក៕