Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ព្រះមហាក្សត្រកម្ពុជា ផ្ញើសារជូនលោក ស៊ី ជីនពីង បង្ហាញនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណា និងបួងសួងឲ្យឆាប់គ្រប់គ្រងជំងឺឆ្លងនេះបាន (Video inside)

05-02-2020 18:25

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណា ស្របពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង ដោយជួបពិភាក្សាការងារជាមួយមដឹកនាំកំពូលៗនៅរសៀលថ្ងៃពុធនេះ។

ក្នុងព្រះរាជសារលិខិតនោះព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានបង្ហាញនូវអារម្មណ៍សោកសៅក្រៃលែង ចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលបានធ្វើឱ្យប៉ះពាល់ ដល់ប្រទេសចិន និងបណ្តាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋ។

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានបួងសួងសូមឲ្យប្រទេសចិន ដើម្បីឲ្យទទួលបានជោគជ័យ ពេញលេញក្នុងការទប់ស្កាត់ការរីករាលដាល និងគ្រប់គ្រងជំងឺឆ្លងនេះបាន។

ខាងក្រោមនេះ ជាអត្ថន័យទាំងស្រុងនៃព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា ដែលបកប្រែក្រៅផ្លូវការ៖

ខ្ញុំមានអារម្មណ៍សោកសៅក្រៃលែង ដែលបានដឹងអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ដែលបានធ្វើឱ្យប៉ះពាល់ ដល់សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស។

ខ្ញុំសូមចូលរួមសមានទុក្ខដ៏ក្រៀមក្រំ និងប្រកបដោយការអាណិតអាសូរយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម និងក្រុមគ្រួសារដ៏ក្លាហាននៃជនរងគ្រោះទាំងឡាយ។

យើងនៅប្រទេសកម្ពុជា បានផ្សារភ្ជាប់ទៅនឹងសាធារណរដ្ឋប្រជាមានិតចិន តាមរយៈចំណងពីបុរាណដែលមិនអាចកាត់ផ្តាច់បាន សូមចែករំលែកនូវការរងទុក្ខវេទនា របស់ប្រជាជនចិន និងបង្ហាញការកោតសរសើរដោយស្មោះ ចំពោះការឆ្លើយតបនានាដោយអាជ្ញាធរចិន នៅតំបន់ស្នូលនៃការផ្ទុះរបស់វីរុសនោះ គឺទីក្រុងវូហាន នៅក្នុងខេត្តហ៊ូប៉ី។ យើងសូមធ្វើការបួងសួង យ៉ាងអស់ពីចិត្តពីថ្លើម ដើម្បីឲ្យទទួលបានជោគជ័យពេញលេញ នៃវិធានការដ៏ម៉ឺងម៉ាត់ និងរឹងមាំ ដែលសាធារណរដ្ឋប្រជាមានិតចិន កំពុងអនុវត្ត ក្នុងការទប់ស្កាត់ការរីករាលដាល និងគ្រប់គ្រងជំងឺឆ្លងនេះបាន។

ដោយការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតអំពីខ្ញុំ៕