(ភ្នំពេញ)៖ សវនាការលើកទី១១ សប្ដាហ៍ទី៤ ដែលជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបិទបញ្ចប់ជាមួយនឹងការសួរដេញដោលលើសកម្មភាពបង្កើត គណបក្សសិទ្ធិមនុស្សរបស់ជនជាប់ចោទ កឹម សុខា។ ទោះជាយ៉ាងណា តុលាការក្រុងភ្នំពេញនឹងបន្ដសវនាការលើកទី១២ នៅព្រឹកស្អែកនេះ ដោយចោទសួរទៅលើរឿងផ្សេងៗទៀត។
ពាក់ព័ន្ធការបង្កើតគណបក្សសិទ្ធិមនុស្សរបស់ លោក កឹម សុខា នៅក្នុងសវនាការនាល្ងាចនេះ មានការសួរដេញដោលយ៉ាងច្រើនពីភាគីដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីចង់ដឹងច្បាស់ថា ការបង្កើតគណបក្សនេះឡើងក្នុងគោលបំណងអ្វី? ហើយការបង្កើតនេះមានការគាំទ្រថវិកាពីរដ្ឋបរទេសដែរឬទេ? ចំពោះសំណួរនេះ ត្រូវបានលោក កឹម សុខា ច្រានចោល និងអះអាងថា ការបង្កើតគណបក្សសិទ្ធិមនុស្ស ដើម្បីប្រជាពលរដ្ឋ ហើយគ្មានរដ្ឋបរទេសណាផ្ដល់ថវិកា ឬជំនួយផ្សេងៗមកនោះទេ។
ជាមួយគ្នានេះ មេធាវីការពារក្ដីជនជាប់ចោទ កឹម សុខា បានដាក់ភស្ដុតាង និងឯកសារថ្មី ចំនួន១៦បន្ថែមទៀត ដែលក្នុងនោះមានវីដេអូឃ្លីប ជាសម្រង់វីដេអូរបស់ លោក កឹម សុខា ថ្លែងសុន្ទរកថា ក្នុងពេលនៅជាប្រធានគណបក្សសិទ្ធិមនុស្ស និងពេលក្លាយជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
បន្ថែមពីនេះ ក៏មានរូបថតសកម្មភាពមួយចំនួនទៀត ពាក់ព័ន្ធសកម្មភាពនយោបាយ បង្ហាញអំពីសកម្មភាពនៃការជួបជាមួយថ្នាក់ដឹកនាំបរទេស ក៏ដូចជាសកម្មភាពរបស់គណបក្សនយោបាយផ្សេងៗ ដែលចូលរួមក្នុងវេទិការៀបចំឡើងដោយអង្គការ IRI និង NDI ជាដើម។ ពាក់ព័ន្ធការដាក់ឯកសារភស្ដុតាង នៅថ្ងៃនេះគឺជាលើកទី២ហើយ ខណៈលើកមុនដាក់ចំនួន៣៥ភស្ដុតាង។
ក្នុងអង្គសវនាការលើកទី១១នេះ ក៏គេឃើញខាងមេធាវីការពារជនជាប់ចោទ កឹម សុខា បន្ថែមសមាជិកម្នាក់ទៀតផងដែរ ពោលរហូតមកដល់ពេលនេះ មេធាវីការពារ លោក កឹម សុខា មានចំនួន៥នាក់។
សូមរំលឹកថា ក្នុងសវនាការចំនួន៣សប្តាហ៍កន្លងមក អង្គជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ដំណាក់កាលចោទសួរដេញដោល ដល់ជនជាប់ចោទទៅភស្តុតាងថ្មីជាវីដេអូរយៈពេល១ម៉ោង ដែលដាក់ដោយ លោក កឹម សុខា ហើយបន្តសួរអំពីសកម្មភាពរបស់លោក ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ពោលគឺសកម្មភាព នៃការបង្កើតគណបក្សសិទ្ធិមនុស្ស។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី បានលើកឡើងថា វីដេអូរយៈពេលមួយម៉ោងរបស់ លោក កឹម សុខា មិនអាចដោះបន្ទុកឱ្យលោកបានរួចពីការចោទប្រកាន់នោះទេ ផ្ទុយទៅវិញវីដេអូនេះ នឹងបន្ថែមបន្ទុកលើ លោក កឹម សុខា កាន់តែខ្លាំងឡើង។ ជាមួយគ្នានេះ លោកអះអាងថា សកម្មភាពរបស់លោក កឹម សុខា មានភាពស៊ីសង្វាក់គ្នាទៅនឹងវីដេអូសារភាពរបស់លោកដែលបាន និយាយកាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយវីដេអូមួយ ដែលលោកសារភាពពថា លោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក លោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញដោយដាក់ លោក កឹម សុខា ឱ្យមានសេរីភាពច្រើនជាងមុន ដោយគ្រាន់តែហាមដូចជា៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕