
សម្តេចពញាចក្រី ហេង សំរិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ ៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ
05-02-2020 17:36
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ប្រកបដោយកតញ្ញុតាធម៌ ជាមួយនឹងការគោរពជូនពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូន សម្ដេចវិបុលសេនាភក្ដី សូម ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យនូវ បេសកកម្មដ៏ឧត្ដុង្គឧត្ដម ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នាំមកនូវសុខសន្តិភាព វឌ្ឍនភាព សម្បូររុងរឿងជូនជាតិ និងប្រជាជនជាទីស្នេហានៃយើង។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និង ទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី និង ចៅៗទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕