(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុការខ្ចីប្រាក់អម្រឹត បញ្ជាក់ថា ការខ្ចីប្រាក់ គឺជាផ្នែកមួយដ៏សំខាន់ នៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួន ក្នុងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ, ការខ្ចីប្រាក់ដោយសហគ្រាសខ្នាតតូច មធ្យម និងធំ មានតួនាទីសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិទាំងមូល។
អ្នកខ្ចីប្រាក់ដែលបានយល់ច្បាស់អំពីលក្ខខណ្ឌកម្ចី និងមានផែនការច្បាស់លាស់ពីប្រាក់កម្ចីដែលទទួលបាន ជាមួយនឹងអ្នកផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ដែលវិភាគយ៉ាងប្រុងប្រយ័ត្នលើគម្រោងអាជីវកម្ម និងសមត្ថភាពនៃការបង់ប្រាក់សងត្រឡប់របស់អ្នកខ្ចី គឺជាកត្តាជោគជ័យដែលធ្វើឲ្យពលរដ្ឋរាប់លាននាក់ទូទាំងពិភពលោក អាចមានលទ្ធភាពបង្កើតអាជីវកម្ម និងធ្វើឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន បង្កើតការងារ ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចប្រទេសរបស់ពួកគេ។
សម្រាប់កម្ពុជាក៏ដូចជាក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន សេវាឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ឲ្យអាចទទួលបានសេវាហិរញ្ញវត្ថុពីធនាគារ ឬ ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយអនុវត្តន៍យ៉ាងយកចិត្តទុកដាក់បំផុតទៅតាមគោលការណ៍ទំនួលខុសត្រូវសង្គម ជូនដល់អតិថិជនជាពិសេស នៅក្នុងសហគមន៍ដែលប្រជាពលរដ្ឋ មានការយល់ដឹងតិចតួច លើផែ្នកហិរញ្ញវត្ថុ និងក្នុងស្ថានភាពដែល អាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារមានភាពប្រឈមខ្ពស់នឹងបញ្ហាការធ្លាក់ចុះ នៃសេដ្ឋកិច្ច ឬបញ្ហាផ្សេងៗ ទាំងអស់នេះបានធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល បានចាប់ផ្តើមលើកកម្ពស់ និងដាក់គោលការណ៍ការពារអតិថិជន ជាគោលការណ៍អាទិភាពនៅក្នុងប្រតិបត្តិការបស់ខ្លួន។ គោលការណ៍ការពារអតិថិជនពី Smart Campaign កំណត់នូវគោលការណ៍គ្រឹះសំខាន់ចំនួន៧ ក្នុងនោះរួមមាន៖
១៖ ការបង្កើត និងបែងចែកផលិតផលឲ្យបានត្រឹមត្រូវនិង សមរម្យ
២៖ ការទប់ស្កាត់បំណុលវណ្ឌករ
៣៖ តម្លាភាព
៤៖ ការកំណត់តម្លៃផលិតផលឲ្យបានសមរម្យ
៥៖ ការគោរពអតិថិជន និងការពារដោយយុត្តិធម៌ ការការពារព័ត៌មានរបស់អតិថិជន យន្តការសម្រាប់ដោះស្រាយបណ្តឹង
៦៖ នៅពេលដែលគ្រឹះស្ថានហិរញ្ញវត្ថុអនុម័ត និងអនុវត្តទៅតាមគោលការណ៍ទាំងនេះ ធ្វើឲ្យការផ្តល់សេវាឥណទានជូនអតិថិជន ក្លាយជាកម្លាំងវិជ្ជមានមួយ ដែលអាចជួយឲ្យប្រទេសកំពុងអភិវឌ្ឍ អាចបើកឱកាសថ្មីៗជាច្រើនសម្រាប់ឲ្យពលរដ្ឋរបស់ខ្លួន មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ ដែលពួកគេមិនធ្លាប់ទទួលបាន។
៧៖ នៅកម្ពុជា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨ ដែលទទួលបានវិញ្ញាបនបត្រស្តីពីការការពារអតិថិជន ពី Smart Campaign។ តួលេខនេះមានចំនួនច្រើនជាងគេ បើប្រៀបធៀបទៅប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក ដែលធ្វើឲ្យប្រជាជនកម្ពុជាអាចមានឱកាសច្រើនទទួលបានសេវាហិរញ្ញវត្ថុពីស្ថាប័នហិរញ្ញវត្ថុដែលអាចជឿទុកចិត្ត និងគោរព ការពារអតិថិជនពីហានិភ័យ និងគ្រោះថ្នាក់នានាលើផ្នែកឥណទានបាន។
លោក មួន រ៉ាប់ កសិករដាំដំឡូងមី វ័យ៤៩ឆ្នាំម្នាក់ រស់នៅឃុំភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាអតិថិជន ស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹតមួយរូប ដែលបានទទួលភាពជោគជ័យពីកម្ចីដែលលោកទទួលបានពីអម្រឹត។
គាត់បានស្នើសុំកម្ចីច្រើនបំផុតជាលើកដំបូង ចំនួន ១លានរៀល នៅក្នុងឆ្នាំ២០១៤ ក្នុងនាមជាសមាជិកម្នាក់នៃឥណទានក្រុមធានា (Solidarity Credit), គាត់បានយកប្រាក់កម្ចីនោះទៅវិនិយោគលើចម្ការដំឡូងមីរបស់គាត់។
លោករ៉ាប់ បានឱ្យដឹងថា៖ «នៅមុនផ្តល់កម្ចីមកឲ្យខ្ញុំ បុគ្គលិកអម្រឹត តែងតែពន្យល់ពីលក្ខខណ្ឌកម្ចីយ៉ាងលម្អិត ច្បាស់លាស់ និងរបៀបបង់ប្រាក់ត្រឡប់ទៅស្ថាប័នវិញ។ ខ្ញុំក៏បានទទួលនូវការណែនាំពីវិធីសាស្រ្តល្អៗក្នុងការរៀបចំធ្វើផែនការអាជីវកម្មរបស់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពី ទទួលបានកម្ចីដំណាក់កាលទី១ហើយ ខ្ញុំក៏ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុរដែលរៀបចំដោយអម្រឹត»។
លោករ៉ាប់ បានប្រាប់បន្តថា៖ «រហូតដល់ឆ្នាំ ២០១៧ ជីវភាពរបស់ខ្ញុំមានការរីកចម្រើនគួរកត់សំគាល់, ខ្ញុំបានចូលរួមសិក្ខាសាលាស្តីពីការដាំដំឡូងមី ការប្រើប្រាស់ជី និងបច្ចេកទេសថ្មីៗក្នុងការដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ ខ្ញុំបានយកបច្ចេកទេសថ្មីៗ និងចំណេះដឹង ដែលទទួលបាន មកអនុវត្តន៍ជាក់ស្តែង។ លុះនៅឆ្នាំបន្ទាប់ ខ្ញុំក៏ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ ពី៤០% ទៅ៥០% ពីចំការដំឡូវមីរបស់ខ្ញុំ និង ចំណេញប្រាក់ជាង៣៧៥ ដុល្លារ ក្នុងដី១ហិកតា ដូចការរំពឹងទុកនៅពេលដែលខ្ញុំចាប់ផ្តើមដាំដំឡូងមីដំបូង។ ករណីលោករ៉ាប់ គឺជាភាពជោគជ័យមួយដែលកើតចេញពីអនុវត្តន៍នូវគោលការណ៍ការពារអតិថិជនដែលបញ្ជាក់ពី Smart Campaign ។
អម្រឹតបានគោរពគោលការណ៍សំខាន់ៗដែលកំណត់ក្នុងគោលការណ៍ការពារអតិថិជន ក្នុងនោះរួមមាន «តម្លាភាព» នៅពេលដែលមន្ត្រីឥណទានអម្រឹត បានពន្យល់ លោករ៉ាប់ យ៉ាងលម្អិតអំពីលក្ខខណ្ឌផ្សេងៗនៃកម្ចី និង វិធីបង់សងត្រឡប់មកវិញ ។ម្យ៉ាងវិញទៀត ការចូលរួមក្នុងសិក្ខាសាលា ស្ដីពីចំណេះដឹងហិរញ្ញវត្ថុ និងបច្ចេកទេសកសិកម្ម ក៏បានបង្ហាញយ៉ាងច្បាស់ពីការអនុវត្តន៍ ការគោរពអតិថិជន និងការពារដោយយុត្តិធម៌។
អម្រឹតបានកំណត់ចំនួនប្រាក់កម្ចីច្រើនបំផុតចំនួន ១លានរៀល ក្នុងដំណាក់កាលទី១ របស់លោករ៉ាប់ នេះបញ្ជាក់ឲ្យឃើញថា អម្រឹតបានចូលរួមចំណែក «ទប់ស្កាត់អតិថិជនកុំឲ្យធ្លាក់ក្នុងបំណុលវណ្ឌករ»។ នៅកម្ពុជា ប្រជាពលរដ្ឋគួរតែស្វែងរកស្ថាប័នហិរញ្ញវត្ថុណាដែលផ្តល់សេវាឥណទានប្រកបដោយទំនួលខុសត្រូវខ្ពស់ និងបានការពារអតិថិជនពីហានិភ័យ និងគ្រោះថ្នាក់នានាលើផ្នែកឥណទាន ស្របតាមគោលការណ៍អន្តរជាតិស្តីពីការការពារអតិថិជនដែលហាត់កាត់ជាភាសាអង់គ្លេសថា CPP (Client Protection Principles) ដើម្បីធានាថា ប្រាក់កម្ចីរបស់ពួកគេនឹងធ្វើឲ្យជីវភាពរីកចម្រើន និងអាចការពារស្ថានភាពហិរញ្ញវត្ថុទៅថ្ងៃអនាគតប្រកបដោយសុវត្ថិភាព៕