(ព្រះវិហារ)៖ កម្មករ-កម្មការិនីចៀជ័រកៅស៊ូរបស់ក្រុមហ៊ុនឫទ្ធីក្រានី (ខេមបូឌា) ខូអិលធីឌីជាច្រើននាក់ ទទួលបានបណ្ណសរសើរលើកទឹកចិត្តជាបុគ្គលិកឆ្នើម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចៀជ័រកៅស៊ូឆ្នាំ២០១៩ និងពិធីបើកវគ្គបន្តុះបណ្តាលចៀជ័រកៅស៊ូបើកមុខ លើផ្ទៃដីចំនួន ៧០០ហិកតាបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងមានការចូលរួមពីលោក អុំ សុភឿន អភិបាលរងស្រុករវៀង លោកអគ្គនាយកក្រុមហ៊ុនឫទ្ធីក្រានីត និងបុគ្គលិកកម្មករប្រុស ស្រីជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា បានកោតសរសើរពីការយកចិត្តទុកដាក់ខ្ពស់របស់លោកអគ្គនាយកក្រុមហ៊ុន ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិកកម្មទាំងអស់ ឲ្យមានជំនាញក្នុងការបំពេញការងារ។ លើសពីនេះទៀត គឺបានផ្តល់បណ្ណសរសើរលើកទឹកចិត្តដល់បុគ្គលិកឆ្នើមទៀតផង។
ក្រុមហ៊ុនឫទ្ធីក្រានីត (ខេមបូឌា)ខូអិលធីឌី ជាក្រុមហ៊ុនចំការកៅស៊ូ ក្រោមសម្បទានដីសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល សម្រាប់វិសយ័កសិកម្មដាំដុះកៅស៊ូលើផ្ទៃដីជិត ១៧០០ហិកតា ស្ថិតក្នុងឃុំរម្មណីយ៌ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបើកមុខចៀជ័របណ្តើរៗ តាមផែនការក្នុងឆ្នាំ២០២០នេះ និងបើកមុខចៀជ័រលើផ្ទៃដីប្រមាណ៥០% លើផ្ទៃដីទាំងមូលដែលបានដាំដុះ។
លោក ពឹង ទ្រីដា ក៏បានជំរុញឲ្យកម្មករទាំងអស់ ត្រូវខិតខំបំពេញការងារទៅតាមភារកិច្ចរៀងៗខ្លួន ពិសេសត្រូវយកចំណេះដឹងក្រោយពីបានសិក្សាបញ្ចប់វគ្គកន្លងមកនេះ ទៅជាចំណេះធ្វើឲ្យអស់ ពីសមត្ថភាព ដើម្បីផលប្រយោជន៍ក្រុមហ៊ុន ក៏ដូចជាផលប្រយោជន៍របស់យើងទាំងអស់គ្នាផងដែរ។ លោកបន្តថា បើក្រុមហ៊ុនមានការរីកចម្រើននោះ កម្មករទាំងអស់ នឹងមានជីវភាពធូរធា ជាក់ជាមិនខាន។
សូមបញ្ជាក់ថា កម្មករចៀជ័រកៅស៊ូរបស់ក្រុមហ៊ុន មានប្រាក់បៀវត្សរ៍ទាបបំផុត ១លានរៀល និងខ្ពស់បំផុត ២លានរៀលផងដែរ៕