(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០, លោក W.patrik Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា វិស័យសង្គមកិច្ចនៅកម្ពុជា មានភាពជឿនលឿន និងរីកចម្រើនជាងមុន។
លោក W.patrik Murphy បានបន្តថា ទោះបីវិស័យសង្គមកិច្ចនៅកម្ពុជា មានការជឿនលឿន និងរីកចម្រើនជាងមុនក៏ដោយ ក៏ខាងភាគីសហរដ្ឋអាមេរិក នៅតែបន្តការសហការ និងជួយជ្រោមជ្រែង ដល់ក្រសួងសង្គមកិច្ច ទៅលើការការពារកុមារ ដោយគ្មានការរាថយឡើយ ពីព្រោះថា កិច្ចសហប្រតិបត្តិការល្អ ទៅលើការការពារកុមារ គឺជាផលប្រយោជន៍រួមសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក។
ជាមួយគ្នាដែរលោក វង សូត បានលើកឡើងថា កិច្ចការពារកុមារ ជាកិច្ចការស្នូល និងសំខាន់របស់ក្រសួងសង្គមកិច្ច ហើយកន្លងមក ក៏អង្គការអន្តរជាតិ រួមនឹងអង្គការដៃគូមួយចំនួនទៀត បានសហការជាមួយក្រសួងសង្គមកិច្ច ជួយការពារកុមារ និងអនីតិជននៅកម្ពុជាផងដែរ។
លោក វង សូត បានអរគុណដល់ភាគីអាមេរិក ដែលតែងសហការ និងផ្តល់ជំនួយ និងទំនុបចិត្តមកដល់កម្ពុជា ជួយទៅលើការការពារកុមារ។ លោកបានបញ្ជាក់ដែរថា កន្លងមក កម្ពុជាបានធ្វើកិច្ចការជាច្រើនជួយដល់ការការពារកុមារ ក្នុងនោះរួមមាន៖ ការបង្កើតឲ្យមាន ច្បាប់យុត្តិធម៌អនីតិជន, នីតិសម្បទាសម្រាប់អនីតិជនល្មើសច្បាប់, រៀបចំឲ្យមានមណ្ឌល សម្រាប់ឲ្យអនីតិជនបានស្នាក់នៅ និងមានការបណ្តុះបណ្តាលជំនាញជាច្រើនទៀត ជូនដល់កុមារ។
បន្ថែមពីលើនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញជំហរជួយ ផងដែរទៅលើការបណ្តុះបណ្តាលមន្រ្តីក្រសួងសង្គមកិច្ច ដើម្បី យកចំណេះដឹង មកអភិវឌ្ឍន៍បន្ថែមទៀត លើវិស័យសង្គមកិច្ច។
ក្រៅពីកិច្ចការជួយការពារកុមារ លោក W.patrik Murphy ក៏បានបង្ហាញជំហរមួយទៀតជួយគឺទៅផ្នែកជនពិការ ទាក់ទងនឹងការបង្កើតច្បាប់ ជួយជនពិការ ឲ្យទទួលបានសិទ្ធិ ស្របទៅតាមច្បាប់កំណត់ផងដែរ៕