(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជូនអ្នកពាក់ព័ន្ធការដ្ឋានសំណង់ខុនដូ ៣នាក់ ទៅតុលាការដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្រោយពីពួកគេធ្វើឲ្យបាក់ដងសន្ទួចគ្រឿងចក្រ សង្កត់រថយន្ត និងរបួសសន្តិសុខស្ថានទូតអាមេរិក នៅខណ្ឌចំការមន។ នេះបើយោងតាមមន្ត្រីតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។
យោងតាមមន្ត្រីតុលាការ បានឲ្យដឹងថា អ្នកពាក់ព័ន្ធទាំង៣នោះ រួមមាន៖
*ឈ្មោះ FAN YUANG HANG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកន្លែងសំណង់កើតហេតុ មានទីតាំងលើឡូតិ៍គ្មានលេខ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
*ឈ្មោះ ZHANG JIN ZHU ភេទប្រុស អាយុ៤៩ឆ្នាំ ជាមេការឃួងដី និងដងសន្ទួចរបស់ក្រុមហ៊ុន ហ៊ុយប៉ាង កាន់លិខិតឆ្លងដែនលេខ EE3484029 ។
*ម្នាក់ទៀតឈ្មោះ ញឹច សុខា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបញ្ជារដងសន្ទួច។
គួរំលឹកថា ដងស្ទូចរបស់សំណង់អគារខុនដូរដ៏ខ្ពស់មួយ បានបាក់ធ្លាក់បណ្ដាលឲ្យត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀតរបស់ស្ថានទូតអាមេរិក រងការខូចខាតព្រមទាំងរងរបួសដល់មន្រ្តីស្ថានទូតម្នាក់ផងដែរ។ ហេតុនេះកើតឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដឹងថា មុនពេលកើតហេតុ គេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូចបានរុះរើ ដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួន តែខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាណាទេ ទើបបានជាបាក់ដងស្ទូចធ្លាក់មកដល់ដី បណ្ដាលឲ្យត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សម្នាក់រងរបួស៕