(បាត់ដំបង)៖ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ការផ្គត់ផ្គង់ទឹកស្អាតនឹងជួបបញ្ហារអាក់រអួលខ្លះ។
ការអាក់រអួលនេះ កើតឡើងដោយសារអង្គភាពរដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជួសជុលកែសម្រួលនូវបំពង់ទុយោមេបញ្ជូនទឹកឆៅ ខ្នាត១៦០០មីល្លីម៉ែត្រ របស់រោងចក្រផលិតទឹកស្អាតវត្តលៀប ដែលបាននឹងកំពុងមានបញ្ហាប្រឈមដោយការលេចធ្លាយ ហើយតម្រូវឲ្យមានការជួសជុលកែសម្រួលជាបន្ទាន់ឲ្យខានតែបាន។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
បើតាមសេចក្តីជូនដំណឹងដដែល ដើម្បីធានានូវនិរន្តរភាព សុវត្ថិភាពការងារផលិតទឹកស្អាត និងការងារផ្គត់ផ្គង់ទឹកស្អាត ក្រមអ្នកបច្ចេកទេសត្រូវការពេលវេលា ដើម្បីធ្វើការជួសជុល
កែលម្អបំពង់ទុយោនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងរយៈពេលនៃការជួសជុលកែសម្រួលនេះ សេវាផ្គត់ផ្គង់ទឹកស្អាតអាចនឹងជួបនូវភាពរអាក់រអួលខ្លះ ដោយសារទឹកមានសម្ពាធធ្លាក់ចុះខុសពីធម្មតា និងមានទឹកមិនគ្រប់គ្រាន់នៅតាមទីតាំងខ្លះ។
ទទួលបាននូវសេចក្តីជូនដំណឹងនេះ សូមអតិថិជនទាំងអស់ មេត្តាត្រៀមលក្ខណៈបម្រុងស្តុកទុកនូវទឹកស្អាត សម្រាប់ប្រើប្រាស់មួយរយៈពេលដ៏ខ្លី ក្នុងខណៈពេលដែលប្រព័ន្ធបាន នឹងកំពុងដំណើរការជួសជុលកែសម្រួល៕