(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានកំណត់ទិសដៅបន្តអត្រាកំណើនចំនួនមន្ត្រីរាជការចាប់ពីឆ្នាំ២០១៩-២០២៣ ក្នុងរង្វង់ ៦.៥% រួមជាមួយការដំឡើងបៀវត្សមូលដ្ឋាននៅដើមខែមករាចំនួន ៧% នៃតម្លៃឯកតាសន្ទស្សន៍បៀវត្សមូលដ្ឋាន និងដំឡើងប្រាក់បំណាច់មុខងារនៅខែមេសាក្នុងរង្វង់ចាប់ពី ២-៣ម៉ឺនរៀល ជូនមន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ។
ទិសដៅទាំងនេះត្រូវបានបង្ហាញឡើងក្នុងពិធីបិទសន្និបាតក្រសួងមុខងារសាធារណៈ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញក្រោមអធិបតីលោក ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ។
ក្រៅពីទិសដៅទាំងនេះ ក្រសួងក៏បានបង្ហាញទិសដៅការងារមួយចំនួនទៀត ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ ក្នុងនោះរួមមាន៖
* ដាក់ឆ្លងសេចក្ដីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ២០២០-២០៣០ ជូនប្រមុខរាជរដ្ឋាភិបាលអនុម័តឱ្យបានក្នុងត្រីមាសទី១ ឆ្នាំ២០២០។
* ជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ជាពិសេសការកសាងលិខិតបទដ្ឋានគតិយុត្ត ដើម្បីឱ្យក្រសួង-ស្ថាប័នងាយស្រួលយកទៅអនុវត្ត។
* ជំរុញការដាក់ឱ្យអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ វាយតម្លៃអនុវិទ្យាល័យ-សាលាបឋមសិក្សា និងវិស័យសុខាភិបាល-មណ្ឌលសុខភាព ព្រមទាំងដាក់ឱ្យអនុវត្តការវាយតម្លៃថ្នាក់ដឹកនាំគំរូកម្រិតអគ្គនាយកដ្ឋាន។
* បន្តរៀបចំដំឡើងបៀវត្សមូលដ្ឋាននៅដើមខែមករាចំនួន ៧% នៃតម្លៃឯកតាសន្ទស្សន៍បៀវត្សមូលដ្ឋាន និងដំឡើងប្រាក់បំណាច់មុខងារនៅខែមេសាក្នុងរង្វង់ចាប់ពី ២-៣ម៉ឺនរៀល ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
* ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការឱ្យកាន់តែទូលំទូលាយ អភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលឯកភាពក្រុង-ស្រុក-ខណ្ឌ ជាពិសេសការបណ្ដុះបណ្ដាលមន្ត្រីដែលទទួលបានតំណែងថ្មី និងមន្ត្រីដែលត្រៀមក្លាយជាអ្នកដឹកនាំនៅពេលអនាគត ជាពិសេសការពង្រឹង និងពង្រីកវិសាលភាពបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាលចំនួន ៦,០០០នាក់។
* បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសអាស៊ាន និងអន្តរជាតិ ព្រមទាំងចូលរួមអនុវត្តផែនការសកម្មអាស៊ាន និងអាស៊ានបូក៣ ដើម្បីសម្រេចបាននូវការកសាងសហគមន៍សាធារណៈអាស៊ាន ក៏ដូចជាកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។
* ពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រង និងកែលម្អរបៀបរបបគ្រប់គ្រង និងចាត់ចែងការងារប្រកបដោយនវានុវត្តន៍ និងផ្សារភ្ជាប់ជាមួយនឹងបច្ចុប្បន្នភាពនៃបច្ចេវិទ្យាឌីជីថល។
* ស្វែងរកមធ្យោបាយ និងយន្តការ ដើម្បីសហការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងបច្ចេវិទ្យាព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងបៀវត្សមន្ត្រីរាជការ។
* បង្កើនប្រសិទ្ធភាពលើការងារត្រួតពិនិត្យរដ្ឋបាល បៀវត្ស និងការគ្រប់គ្រងក្របខណ្ឌមន្ត្រីរាជការស៊ីវិល ជាពិសេសនៅថ្នាក់ក្រោមជាតិដែលមានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ជាសេនាធិការ។
* គ្រប់គ្រងទំហំមន្ត្រីរាជការស៊ីវិលដោយរក្សាកំណើនមន្ត្រីរាជការក្នុង ៦.៥% ពីឆ្នាំ២០១៩-២០២៣ ខណៈចំនួនមន្ត្រីរាជការនៅឆ្នាំ២០១៩មានចំនួន ២២០,១០២នាក់ ហើយនឹងកើនដល់ ២២៣,៦០២នាក់ នៅឆ្នាំ២០២០។
* ជំរុញការរៀបចំការងារកែទម្រង់ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ រួមមានដំណើរការយន្តការបណ្ដុះបណ្ដាលមន្ត្រីរាជការនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារដ្ឋបាលភូមិភាគគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងចរន្តឯកសារ និងគ្រប់គ្រងធនធានមនុស្ស និងការងារសវនកម្មផ្ទៃក្នុង៕