(កំពង់ឆ្នាំង)៖ មុខរបរដំាដំណាំខ្ទឹម គឺជាដំណាំមួយប្រភេទ ដែលប្រជាកសិករប្រមាណ ៩០% រស់នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ពេលបច្ចុប្បន្ននេះ ពួកគាត់បាននិយមដាំដុះលក់ បន្ទាប់ពីមុខរបរស្នូលធ្វើស្រែនៅក្នុងរដូវវស្សា។
ព្រោះការដាំដើមខ្ទឹមសន្លឹកនេះ ដាំដុះលើដីតែ ៤០អារ មានរយៈពេលពី ១ខែកន្លះ ទៅ ២ខែ អាចដកលក់បានប្រាក់ចំណូលគួរសមផងដែរ សំរាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ បន្ថែមពីលើមុខរបរ ធ្វើស្រែចំការ ។
ប្រជាកសិករដាំដំណាំខ្ទឹម នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិយាយឱ្យដឹងថា សព្វថ្ងៃនេះប្រជាកសិករប្រមាណ៩០% ក្នុងចំណោម ប្រជាកសិករក្នុងភូមិ ដែលមានជាង ៣០០គ្រួសារ បាននិយមនាំគ្នាដាំដំណាំដើមខ្ទឹមសន្លឹកលក់ជាង ៣ឆ្នាំមកហើយ ដើម្បីលើកស្ទួយជីវភាពរស់នៅក្នុងគ្រួសារ បន្ទាប់ពីមុខរបរស្នូលធ្វើស្រែវស្សារួចមក។
ពួកគាត់បានបព្ជាក់ថា សព្វថ្ងៃពួកគាត់មានដីសំរាប់ដាំដើមខ្ទឹមក្នុងម្នាក់ៗ មានទំហំតែជាង ៤០អារតែប៉ុណ្ណោះ ក្នុង១ឆ្នាំ ពួកគាត់អាចដាំដំណាំដើមខ្ទឹមបានពី៤ ដងទៅ ៥ដង ឲ្យតែមានទឹកស្រោច ស្រពដែលក្នុងពេលដាំដុះ មួយលើកៗ មានរយៈពេល ពី១ខែកន្លះ ទៅ ២ខែ ដោយត្រូវថែទាំដាក់ជីស្រោចទឹកក្នុង១ថ្ងៃ ២ដង និងក្នុងពេលប្រមូលផល គាត់ដកដើមខ្ទឹមក្នុង ១លើកៗ បានប្រមាណ ពី១៥០០គីឡូ ទៅ១៧០០គីឡូ គ្រួសារខ្លះដែលមានដីធំ អាចដកបានពី៣តោន ទៅ៥តោន ដោយបច្ចុប្បន្ន លក់បានតម្លៃ ក្នុង១គីឡូ ក្រាម ពី ៧០០រៀល ទៅ ៨០០រៀល តែការចំណាយ ក្នុងការដាំដុះ គឺចំណាយទៅលើថ្នាំបាញ់កំចាត់សត្វល្អិត ប្រេង ជី និងកម្លាំងពលកម្មផ្សេងៗ ក៏អស់ច្រើនផងដែរ។
ដោយឡែក ក្នុងពេលប្រមូលផល គឺមានម៉ូយដុំយករថយន្ត មកទិញដោយផ្ទាល់ដល់ចំការ និងដឹកយកទៅលក់ផ្គត់ផ្គង់ នៅទីផ្សារក្នុងក្រុងភ្នំពេញ ផ្សារខេត្តពោធិសាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង។
ក្រៅពីមុខរបរដាំដើមខ្ទឹម ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងក្រពើ ក៏បានដាំដុះបន្លែផ្សេងៗទៀត ទៅតាមតម្រូវការទីផ្សារ ដូចជា ដំណាំស្ពៃ គ្រប់ប្រភេទ ដើមភ្លៅកង្កែប និង ជីនាងវងជាដើម។ ប៉ុន្តែការចូលចិត្តដាំច្រើនជាងគេ គឺដើមខ្ទឺមនេះតែម្តង ព្រោះវាងាយដាំ ហើយងាយថែទាំ និងឆាប់បានទទួលផលផងដែរ។
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ជាទីតាំងដាំខ្ទឹមសន្លឹក សម្រាប់ផ្គត់ផ្គង់ទីផ្សារធំជាងគេ ក្នុងខេត្ត ព្រោះអ្នកភូមិត្រពាំងក្រពើប្រមាណ៩៥% ជាកសិករកំពុងប្រកបមុខរបរដាំខ្ទឹមសន្លឹក ដោយពួកគាត់ប្រែក្លាយដីស្រែ មួយចំនួនរបស់ពួកគាត់ឲ្យក្លាយ ទៅជាដីចំការសំរាប់មុខរបរមួយនេះ។
លោកបានបន្តថា បច្ចុប្បន្នទីផ្សារខ្ទឹមសន្លឹកមានតំរូវការខ្ពស់ក្នុងស្រុកជា ពិសេសខេត្តបាត់ដំបង និងក្រុងភ្នំពេញ ដូចនេះអ្នកភូមិត្រពាំងក្រពើរាប់រយគ្រួសារបាន និងកំពុងចាប់យកមុខរបរ ដាំខ្ទឹមសន្លឹកលក់ ក្នុងការទំនុកបំរុងសេដ្ឋកិច្ចគ្រួសារណាមួយមុខរបរនេះជាមុខរបរនៅក្បែរផ្ទះ និងក្បែរក្រុមគ្រួសារ។
ស្រែវស្សារបស់ប្រជាកសិករមួយចំនួន ត្រូវបានពួកគាត់ប្រែក្លាយពីដីស្រែ មកជាដីចំការសំរាប់ដាំដំណាំខ្ទឹមសន្លឹក និងដំណាំរួមផ្សំផ្សេងៗទៀត ហើយក្នុង១ឆ្នាំៗ កសិករ អាចដាំខ្ទឹមបានពី៤ ទៅ៥ដង គឺមិនមានខែណា ដែលពួកគាត់ទុកដីឲ្យនៅទំនេរចោលនោះឡើយ៕