(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចជំនួបពិភាក្សាការងារទ្វេភាគីរវាងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្ដស្នើឲ្យឥណ្ឌា បន្ដពង្រឹងធនធានមនុស្ស និងមកវិនិយោគផ្នែកវេជ្ជសាស្ដ្រ នៅកម្ពុជា ខណៈបច្ចុប្បន្ននេះ ឥណ្ឌា មានជំនាញឯកទេសកាន់តែល្បីផ្នែកឱសថ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងក្នុងកិច្ចជំនួបពិភាក្សាការងារ ដែលធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា «កម្ពុជាស្វាគមន៍ជានិច្ច ចំពោះអ្នកវិនិយោគរបស់ ប្រទេសឥណ្ឌា ក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ រវាងប្រទេសទាំងពីរ កាន់តែស្អិទរមួតតទៅមុខបន្ថែមទៀត តាមគោលនយោបាយបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជារបស់យើង»។
ជាការឆ្លើយតបលោកស្រី Manika Jain បានថ្លែងថា ឥណ្ឌានៅតែបន្ដពង្រឹង-ពង្រីក កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរកាន់តែភាពល្អប្រសើរបន្ថែមទៀត ជាពិសេសនៅខែមិនា ឆ្នាំ២០២០ខាងមុខនេះ ឥណ្ឌានឹងរៀបចំព្រឹត្ដិការណ៍តាំងពិព័រណ័វេជ្ជសាស្ដ្រថែទាំសុខភាព នៅកម្ពុជា ហើយនឹងមានវត្ដមានតំណាងមន្ទីរពេទ្យធំៗនៅឥណ្ឌា នឹងមកចូលរួមផងដែរ។ លើសពីនោះ បើមានការចូលរួមពីរដ្ឋមន្ដ្រីសុខាភិបាលឥណ្ឌា ប្រទេសទាំងពីរនឹងអាចឈានទៅចុះកិច្ចព្រមព្រៀងមួយចំនួនលើវិស័យសុខាភិបាល។
ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានលើកឡើងពីវឌ្ឍនៈភាពរបស់វិស័យសុខាភិបាលនៃប្រទេសទាំងពីរ និងសហការរួមគ្នាបន្ដ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន៕