(ព្រៃវែង)៖ រថយន្តកូរ៉ូឡា ១គ្រឿង បានព្រលះពេញទំហឹងក្នុងទិសដៅបញ្ជ្រាសគ្នាជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង ៤នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣៖០៥នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអម្ទរ ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តកូរ៉ូឡា ១គ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ 2E-6156 បើកបរដោយឈ្មោះ ម៉ៅ សៅ អាយុ៣៨ឆ្មាំ មុខរបរបំរើការងារនៅពន្ធនាគារខេត្តព្រៃវែង មានទីលំនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានអ្នករួមដំណើរ ៦នាក់ បើកបរក្នុងទិសដៅពីកើតទៅលិច។
លុះបើកដល់ត្រង់ចំណុចខាងលើ បានបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-7722 បើកមកពីទិសខាងខាងលិចទៅកើត (បញ្ជ្រាសគ្នា) ពេញទំហឹង បណ្តាលភាគីខាងរថយន្តកូរ៉ូឡាមានគ្នា ៧នាក់ ទាំងអ្នកបើករថយន្តបានស្លាប់ និងអ្នករួមដំណើរបានរងរបួស។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុ អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់។
ទោះយ៉ាងណាអ្នកស្លាប់ និងអ្នករងរបួស មិនទាន់បានស្គាល់អត្តសញ្ញាណទេ តែអ្នកបើកបររថយន្តកូរ៉ូឡារងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។ រីឯរថយន្តទាំពីរគ្រឿងត្រូវកម្លាំងសមត្ថកិច្ចវាស់វែងយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ជាបណ្តោះអាសន្ន ចំណែកសាកសពទាំង ៣នាក់ បានធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕