(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដោយបន្តសួរដេញដោលលើសកម្មភាពរបស់លោក ចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១២។
នេះជាសប្តាហ៍ទី៤ និងជាសវនាការលើកទី១០ នៃការជំនុំជម្រះលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា ដែលជាមូលហេតុចម្បង នាំឱ្យមានការរំលាយគណបក្សសង្រ្គោះជាតិ នៅក្នុងប្រទេសកម្ពុជា។ ក្នុងសវនាការនេះ មានវត្តមានជនជាប់ចោទ កឹម សុខា, មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក គី តិច, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ។
ក្នុងសវនាការចំនួន ៣សប្តាហ៍កន្លងមកនេះ អង្គជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ដំណាក់កាលចោទសួរដេញដោល ដល់ជនជាប់ចោទទៅភស្តុតាងថ្មីជាវីដេអូរយៈពេល១ម៉ោងដែលដាក់ដោយ លោក កឹម សុខា ហើយបន្តសួរអំពីសកម្មភាពរបស់លោក ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ពោលគឺសកម្មភាព នៃការបង្កើតគណបក្សសិទ្ធិមនុស្ស។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី បានលើកឡើងថា វីដេអូរយៈពេលមួយម៉ោងរបស់ លោក កឹម សុខា មិនអាចដោះបន្ទុកឱ្យលោកបានរួចពីការចោទប្រកាន់នោះទេ ផ្ទុយទៅវិញវីដេអូនេះ នឹងបន្ថែមបន្ទុកលើ លោក កឹម សុខា កាន់តែខ្លាំងឡើង។ ជាមួយគ្នានេះ លោកអះអាងថា សកម្មភាពរបស់លោក កឹម សុខា មានភាពស៊ីសង្វាក់គ្នាទៅនឹងវីដេអូសារភាពរបស់លោកដែលបាន និយាយកាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី។
លោក គី តិច បានឆ្លៀតថ្លែងអំណរគុណដល់ ទណ្ឌិត សម រង្ស៉ី ដែលបានផ្តល់ភស្តុតាងបន្ថែមទៀត ដើម្បីជួយដាក់បន្ទុកលើ លោក កឹម សុខា ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសនេះផងដែរ។
លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយវីដេអូមួយដែលលោកសារភាពពថា លោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក លោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញដោយដាក់ លោក កឹម សុខា ឱ្យមានសេរីភាពច្រើនជាងមុន ដោយគ្រាន់តែហាមដូចជា៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕