(ចិន)៖ និស្សិតខ្មែរ៣នាក់ទៀត ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ដែលជាទីក្រុងដំបូងដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញវីដេអូមួយបញ្ជាក់ថា ពួកគេទាំងអស់គ្នានាពេលបច្ចុបន្ននេះ មានសុខភាពល្អធម្មតា ដោយមិនមាននរណាម្នាក់មានជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណានោះទេ ហើយពេលនេះពួកគេកំពុងស្នាក់នៅសាលា ដោយកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមន្រ្តីកម្ពុជា។
សូមបញ្ជាក់ថា ទីក្រុងវូហាន ប្រទេសចិន គឺជាទីតាំងដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមថ្មី (កូរ៉ូណា) មុនគេបង្អស់។ ប្រភពនៃជំងឺនេះ មិនទាន់មានការស្រាវជ្រាវ និងបញ្ជាក់ពិតប្រាកដនៅឡើយទេ ខណៈដែលអ្នកស្លាប់កើនឡើងដល់ ៤២៥នាក់ និងឆ្លងជំងឺនេះជាង២នាក់ ព្រមទាំងរីករាលដាលដល់២៤ប្រទេស នៅទូទាំងពិភពលោក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុងវូហាន ដែលជាក្រុងធំទំនើប ដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី៧ នៅប្រទេសចិន មាននិស្សិតខ្មែរប្រមាណ២៣នាក់ កំពុងសិក្សា និងស្នាក់នៅទីនោះ។
ជាយ៉ាងនេះក្តី បើតាម លោក វ៉ាង វិនធាន (Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា គឺពេលនេះ រដ្ឋាភិបាលចិន នៅតែបន្តធានាពីសុវត្ថិភាព និងសុខភាពជូនពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសចិន និងផ្តល់ជំនួយជូនដល់ពលរដ្ឋខ្មែរទាំងនោះ រាល់មានតម្រូវការចាំបាច់៕
ខាងក្រោមនេះជាវីដេអូរបស់និស្សិតទាំង៣នាក់៖