(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement) ពិនិត្យលទ្ធភាពផ្តល់ការគំាទ្រផ្នែកហិរញ្ញវត្ថុ លើយុទ្ធនាការផ្សព្វផ្សាយសាធារណៈអំពីគ្រោះថ្នាក់ចរាចរណ៍ ផលលំបាក និងការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងស្នើរយ៉ាងដូចនេះនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រីនាយិកា Ophelle BOURHIS។
ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនគណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា អំពីគម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួនរួមមាន៖ គម្រោងសាងសង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានក្រចេះឆ្លងកាត់ទន្លេមេគង្គលើ គម្រោងសាងសង់កំពង់ផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែខ្នាតតូចនៅខេត្តកំពង់ចាម និងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីការបញ្ចប់ផែនការមេភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងថ្លៃឈ្នួលដឹកជញ្ជូននៅកម្ពុជា ដែលអាចទាក់ទាញការវិនិយោគពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ និងផែនការមេគ្រប់គ្រងទឹកកខ្វក់ ដើម្បីលើកស្ទួយកម្ពស់អនាម័យ និងបរិស្ថានល្អ សំដៅធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀតផងដែរ។
ជាការឆ្លើយតបលោកស្រីនាយិកា Ophelle BOURHIS បានកត់សម្គាល់លើសំណើនានារបស់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងសន្យាសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីជំនាញក្រោមឱវាទក្រសួងលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជាផងដែរ៕