(ប៉ារីស)៖ កម្ពុជាបានចាត់ទុកយន្តការកិច្ចសន្ទនាសង្គមនៃកិច្ចព្រមព្រៀងសាកលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលពីសាកលភាវូបនីយកម្ម បាននិងកំពុងរួមចំណែកធ្វើឱ្យដៃគូរបស់ខ្លួន សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
នេះជាការថ្លែងក្នុងបទអន្តរាគមន៍របស់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពី កិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ ដែលរៀបចំដោយដៃគូកិច្ចព្រមព្រៀងសាកល នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារំាង។
លោក អ៉ិត សំហេង បានឱ្យដឹងថា ចាប់តាំងពីពេលនោះកម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដែលមានក្រសួងការងារជាប្រធាន។ កម្ពុជាបានដាក់ចេញនូវការប្តេជ្ញាចិត្ត ដោយផោ្តតសំខាន់ទៅលើការធានាសិទ្ធិ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ លើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចគំាពារសង្គម តាមរយៈការអនុម័ត និងពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ដែលឆ្លើយតបទៅនឹងគោលដៅរបស់កិច្ចព្រមព្រៀងសាកល ដូចដែលបានរំលេចនៅក្នុងរបាយការណ៍របស់កិច្ចព្រមព្រៀងសាកលស្តីពី ការកសាងទំនុកចិត្តក្នុងពិភពការងារដែលកំពុងតែប្រែប្រួល ឆ្នាំ២០១៨។
កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារចំនួន ១៣ រួមទាំងអនុសញ្ញាស្នូលទាំង ៨ តាមរយៈការអនុវត្តបទដ្ឋានទាំងនេះ ទទួលបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ ជាពិសេសតាមរយៈកិច្ចសហបេ្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) កម្ពុជាបានបន្តធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រសើរទ្បើងនូវលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យប្រចាំប្រទេសលើកទី៥ សម្រាប់ឆ្នាំ២០១៩-២០២៣ ដើម្បីធានាថាសិទ្ធិការងារ និងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាពពេញលេញ គ្មានការរើសអើងដោយឈរលើគោលការណ៍នីតិរដ្ឋ។
កម្ពុជាក៏បាននិងកំពុងប្រើប្រាស់យន្តការកិច្ចសន្ទនាសង្គម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតឱ្យមានយន្តការកិច្ចសន្ទនាសង្គមត្រីភាគី និងត្រីភាគីបូកជាច្រើនសម្រាប់ដោះស្រាយបញ្ហា ក៏ដូចជាកង្វល់នានារបស់ដៃគូរសង្គម ដូចជាគណៈកម្មការប្រឹក្សាការងារ ដែលមានបេសសកកម្មសិក្សាស្រាវជ្រាវរាល់បញ្ហាដែលពាក់ព័ន្ធនឹងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ការអប់រំវិជ្ជាជីវៈ ចលនាកម្លាំងពលកម្មក្នុងប្រទេស ទេសន្តរប្រវេសន៍ការងារ លក្ខខណ្ឌការងារ អនាម័យ និងសន្តិសុខការងារ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម យន្តការដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងវេទិការត្រីភាគីគ្រប់កម្រិត ការតាក់តែងច្បាប់ និងគោលនយោបាយនានា។
ក្រសួងការងារតែងតែរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងកិច្ចប្រជុំទ្វេភាគី និងត្រីភាគីទៀងទាត់ពីរដងក្នុងមួយឆ្នាំ ដើម្បីពិនិត្យ តាមដាន វាយតម្លៃ និងដោះស្រាយរាល់សំណូមពរពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តបទប្បញ្ញត្តិច្បាប់ ក្នុងគោលបំណងលើកកម្ពស់សេរីភាពសមាគម សិទ្ធិ និងលក្ខខណ្ឌការងារ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
គួរបញ្ជាក់ថា សន្និសីទនាថ្ងៃនេះ គឺជាវេទិកាមួយសម្រាប់ដៃគូនៃកិច្ចព្រមព្រៀងសាកល ដើម្បីចែករំលែកគំនិត បញ្ហាប្រឈម ដំណោះស្រាយ ឧត្តមានុវត្តន៍ និងបទពិសោធល្អៗ ក៏ដូចជាគោលនយោបាយនានាពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្ទនាសង្គម ដើម្បីលើកកម្ពស់ការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្ន និងដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមថ្មីៗក្នុងទីផ្សារការងារ នាពេលអនាគត។
ក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងនូវការសាទរចំពោះសមិទ្ធផលសម្រេចបានក្រោមគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល និងប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គម ដើម្បីការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្នដែលជាចក្ខុវិស័យរបស់កិច្ចព្រមព្រៀងសាកល ឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕