(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងពីទីក្រុងសេអ៊ូល ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារភាគីចិនមិនអាចរៀបចំបាន ដូច្នេះថ្ងៃស្អែកសម្តេច នឹងដឹកនាំគណៈប្រតិភូត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបញ្ចប់បេសកម្មនៅទីក្រុងសេអ៊ូល, ដោយលើកទៅឱកាសក្រោយ ចាំជួបជាមួយក្រុមនិស្សិតនៅទីក្រុងវូហាន។
សូមជំរាបថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង, សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ប៉ុន្តែនៅពេលនេះភាគីមិត្តចិនបានឆ្លើយតបវិញហើយថា ចិនមិនអាចរៀបចំដំណើររបស់សម្តេចទៅកាន់ទីក្រុង វូហាន បានទេ៕