(ចិន)៖ និស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ដែលជាទីក្រុងដំបូងដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា បាននាំគ្នាបង្ហាញពីក្តីបារម្ភចំពោះសុខភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើសិនជាសម្តេចទៅកាន់ទីក្រុងវូហានពេលនេះ។ ជាមួយគ្នានោះក្រុមនិស្សិតទាំងនោះ ក៏បានស្នើសម្តេចតេជោ ហ៊ុន សែន កុំអាលទាន់ទៅកាន់វូហាន នៅពេលនេះនិងចាំជួបនៅឱកាសក្រោយ។
លោក ប៉ែន បារាំង ជានិស្សិតខ្មែរម្នាក់ ដែលកំពុងសិក្សានៅទីក្រុងវូហាន បានចេញវីដេអូមួយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយលើកឡើងថា បន្ទាប់ពីពិគ្រោះគ្នាជាមួយនិស្សិតទាំងអស់ ពួកគេបានបង្ហាញអំពីការបារម្ភចំពោះសុខភាពរបស់សម្តេច បើសិនជាទៅកាន់ទីក្រុងវូហាន។ លោកអះអាងថា សម្តេចជាមេដឹកនាំប្រទេស ហើយមានកិច្ចការសំខាន់ៗជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា ដែលត្រូវការសម្តេចដឹកនាំ។ ក្រុមនិស្សិតទាំងអស់ ក៏បានស្នើសុំជួបសម្តេចនៅពេលវេលាមួយផ្សេងនាពេលខាងមុខ។
លោកបានបញ្ជាក់ថា «អញ្ចឹងពួកខ្ញុំទាំងអស់គ្នា សូមសំណូមពរប្រមុខរាជរដ្ឋាភិបាលពេលដែលលោកបំពេញការងារចប់ នៅសាធារណរដ្ឋកូរ៉េ សូមប្រមុខរាជរដ្ឋាភិបាលអញ្ជើញត្រឡប់ទៅប្រទេសកម្ពុជាវិញដោយសុខសន្តិភាព ពីព្រោះពួកខ្ញុំទាំងអស់គ្នា នៅទីនេះយល់ឃើញថា វត្តមានរបស់សម្តេច សុខភាពរបស់សម្តេចពិតជាសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង»។
បើតាមលោក ប៉ែន បារាំង គឺរហូតដល់ពេលនេះ ពួកលោកបានទទួលការយកចិត្តទុកដាក់ពីខាងសាលា ហើយសាលាក៏មានចែកបាយ និងម្ហូបក៏ឆ្ងាញ់រាល់ថ្ងៃ ហើយរហូតដល់ពេលនេះ ពួកគេមានសុខភាពល្អប្រសើរទាំងអស់គ្នា ដោយមិនទាន់មាននិស្សិតណាម្នាក់ឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ។
ទីក្រុងវូហាន ប្រទេសចិន គឺជាទីតាំងដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមថ្មី (កូរ៉ូណា) មុនគេបង្អស់។ ប្រភពនៃជំងឺនេះ មិនទាន់មានការស្រាវជ្រាវ និងបញ្ជាក់ពិតប្រាកដនៅឡើយទេ ខណៈដែលអ្នកស្លាប់កើនឡើងដល់ ៤២៥នាក់ និងឆ្លងជំងឺនេះជាង២នាក់ ព្រមទាំងរីករាលដាលដល់២៤ប្រទេស នៅទូទាំងពិភពលោក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុងវូហាន ដែលជាក្រុងធំទំនើប ដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី៧ នៅប្រទេសចិន មាននិស្សិតខ្មែរប្រមាណ២៣នាក់ កំពុងសិក្សា និងស្នាក់នៅទីនោះ។
ជាយ៉ាងនេះក្តី បើតាមលោក វ៉ាង វិនធាន (Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា គឺពេលនេះ រដ្ឋាភិបាលចិន នៅតែបន្តធានាពីសុវត្ថិភាព និងសុខភាពជូនពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសចិន និងផ្តល់ជំនួយជូនដល់ពលរដ្ឋខ្មែរទាំងនោះ រាល់មានតម្រូវការចាំបាច់៕
ខាងក្រោមនេះជាវីដេអូ បង្ហាញអំពីក្តីបារម្ភរបស់ លោក ប៉ែន បារាំង ចំពោះសុខភាពសម្តេចតេជោ ហ៊ុន សែន៖