(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានផ្តល់កិច្ចសម្ភាសន៍ដល់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង៧យប់ថ្ងៃទី០៤ ខែកុម្ភៈនេះ ខាងភាគីមិត្តចិនមិនទាន់បានឆ្លើយតបនៅឡើយទេ ពាក់ព័ន្ធនឹងដំណើររបស់សម្តេចតេជោ ទៅសួរសុខទុក្ខនិស្សិតកម្ពុជានៅទីក្រុងវូហាន ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បញ្ហានេះប្រហែលភាគីមិត្តចិនមានការលំបាក ក្នុងរៀបចំឲ្យនិស្សិតចេញមកជួប ព្រោះទីនោះត្រូវបានដាក់បម្រាម និស្សិតខ្មែរទាំងអស់មិនអនុញ្ញាតឲ្យចេញពីសាកលវិទ្យាល័យនោះទេ ដើម្បីបង្កាការឆ្លងមេរោគកូរ៉ូណា ដូចដែលក្រុមនិស្សិតរបស់យើងបានរៀបរាប់តាម Facebook, ហើយការស្នាក់នៅរបស់និស្សិតគឺស្ថិតនៅដាច់ដោយឡែកពីគ្នាទៀតផង»។
បើតាមលោក ប៉ែន បារាំង និស្សិតម្នាក់ក្នុងចំណោមនិស្សិតខ្មែរ២៣នាក់ ដែលកំពុងសិក្សានៅក្រុងវូហាន បានឱ្យដឹងថា នៅក្នុងស្ថានភាពនេះ សាលាបានដាក់វិន័យ មិនឱ្យនិស្សិតណាម្នាក់ ចាកចេញពីអគាររបស់សាលានោះទេ ប្រសិនបើមាននិស្សិតណាម្នាក់ចេញទៅក្រៅអគារ មិនអនុញ្ញាតឱ្យចូលស្នាក់ក្នុងអគារវិញបានឡើយ ត្រូវទុកនៅកន្លែងដាច់ដោយឡែកសិនដើម្បីតាមដានសុខភាព។
លោកអះអាងតាម Facebook យ៉ាងដូច្នេះថា៖ «ប្រសិនបើមាននិស្សិតណាម្នាក់ចេញទៅក្រៅអគារ នោះខាងរដ្ឋបាលសាលារបស់ខ្ញុំ នឹងមិនអនុញ្ញាតឱ្យសិស្សដែលបានចេញក្រៅអាចចូលស្នាក់នៅក្នុងអគារវិញបានឡើយ ដោយត្រូវទុកនិស្សិតដែលចេញទៅក្រៅនោះ ឱ្យនៅកន្លែងដាច់ដោយឡែករយៈពេល ១៥ថ្ងៃផ្សេងទៀត ដើម្បីតាមដានសុខភាព»។
ជាមួយនឹងការបង្ហាញផលវិបាកនេះ និស្សិតរូបនោះបានគោរពស្នើឱ្យសម្តេចតេជោ ហ៊ុន សែន ពន្យារពេលក្នុងការចុះទៅសួរសុខទុក្ខដល់និស្សិតខ្មែរ នៅទីក្រុងវូហាន។ លោកលើកឡើងដោយពាក្យគោរពស្រលាញ់សម្តេចតេជោ ហ៊ុន សែន ដូចឪពុករបស់លោកដូច្នេះថា៖ «ជឿកូនលោកពុកកុំទាន់អញ្ជើញមកសួរសុខទុក្ខខ្ញុំអី ក្នុងពេលនេះ ក្រោយចប់ប្រជុំនៅសាធារណរដ្ឋកូរ៉េខាងត្បូង លោកពុកអញ្ជើញធ្វើដំណើរត្រលប់ទៅផ្ទះវិញចុះ។ សូមគោរពជូនពរលោកពុកធ្វើដំណើរត្រលប់ទៅផ្ទះ យើងវិញប្រកបដោយសុខសុវត្ថិភាព»។
បើតាមក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ រហូតមកដល់ពេលនេះ និស្សិត២៣រូប ដែលកំពុងសិក្សារនៅទីក្រុងវូហាន មិនមាននិស្សិតណាម្នាក់ ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ ដោយសារទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាគមនិស្សិតនៅទីនោះ។
ក្រសួងអប់រំបន្តថា និស្សិតមួយចំនួនទទួល បានអាហារពីសាកលវិទ្យាល័យ ជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃ៣ពេល ដោយភាគីខាងសាកលវិទ្យាល័យបានយក អាហារមកផ្គត់ផ្គង់ ដល់បន្ទប់ ស្នាក់នៅរបស់និស្សិត និងនិស្សិតមួយចំនួនទៀតត្រូវទិញអាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញ ដោយចំណាយពេល១៥នាទី (ការទិញមួយដងអាចទទួលទាន បានរយៈពេល៣ទៅ៤ថ្ងៃ)៕