(បាត់ដំបង)៖ ដើម្បីបន្តការប្រារព្ធពិធីខួបលើកទី៣០ នៃអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា CRC ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ នៅដើមសប្តាហ៍នេះ បានមកជួបជុំគ្នាម្តងទៀតនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅសាលាបឋមសិក្សាពីរធ្នូ ក្នុងខេត្តបាត់ដំបង។
ការប្រារព្ធពិធីនេះ គឺជាការចាប់ផ្តើមថ្មីម្ដងទៀតនៃយុទ្ធនាការ ផ្តល់សិទ្ធិទាំងអស់ដល់កុមារគ្រប់រូប ដោយមានការចូលរួមពីសហភាពអឺរ៉ុប (EU), ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), អង្គការយូនីសេហ្វ (UNICEF), អង្គការ Save the Children, និងបណ្ដាញ Child Rights Now Network។ យុទ្ធនាការនេះ មានគោលបំណងពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត អនុសញ្ញាស្ដីពីសិទ្ធិកុមារ និងជម្រុញឱ្យមានការអនុវត្តសកម្មភាពជាក់ស្ដែងសម្រាប់កុមារកម្ពុជា។
អនុសញ្ញាស្ដីពីសិទ្ធិកុមារគឺជាក្របខ័ណ្ឌច្បាប់អន្តរជាតិមួយ ដែលបាននិងកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការលើកស្ទួយជីវិតកុមារនៅទូទាំងពិភពលោក។ អនុសញ្ញាស្ដីពីសិទ្ធិកុមារ គឺជាសន្ធិសញ្ញា សិទ្ធិមនុស្សដែលទទួលបានសច្ចាប័នច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ហើយរួមបញ្ចូលទាំងសិទ្ធិ សង្គម វប្បធម៌ និងសេដ្ឋកិច្ចក៏ដូចជាសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយផងដែរ។ អនុសញ្ញានេះកំណត់ និយមន័យថា មនុស្សគ្រប់រូបដែលមានអាយុក្រោម១៨ឆ្នាំ ជាម្ចាស់នៃសិទ្ធិមនុស្ស ហើយត្រូវទទួលបានកិច្ចការពារ និងការផ្តល់អំណាចយ៉ាងចាំបាច់ ដើម្បីធ្វើឱ្យសិទ្ធិនេះក្លាយជាការពិតសម្រាប់កុមារគ្រប់រូប។
ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញា ស្ដីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការធ្វើឱ្យ ជីវិតកុមារប្រសើរឡើង។ កុមារា និងកុមារីជាង៩៧% បានចុះឈ្មោះចូលរៀននៅបឋមសិក្សា នេះជាអត្រាមិនធ្លាប់មានពីមុនមក។ អត្រាស្លាប់របស់ទារក និងកុមារអាយុក្រោម៥ឆ្នាំបានថយចុះជាង៧០% ហើយលទ្ធភាពក្នុងការទទួលបានប្រភពទឹកស្អាត បានកើនឡើងបីដងចាប់តាំងពីឆ្នាំ ១៩៩០មក ។
ក្នុងរយៈពេលដែលអនុសញ្ញាស្ដីពីសិទ្ធិកុមារមានអាយុកាលជាង ៣០ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុប និងដៃគូរបស់ខ្លួននៅក្នុងវិស័យនេះ មានដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ (USAID) អង្គការ Save the Children និងអង្គការយូនីសេហ្វ បានគាំទ្រយ៉ាងខ្លាំងដល់ ប្រទេសកម្ពុជាក្នុងការលើកស្ទួយសិទ្ធិកុមារ និងសុខុមាលភាពរបស់កុមារ។ ប៉ុន្តែនៅមានកិច្ចការជា ច្រើនទៀតដែលត្រូវធ្វើ ពីព្រោះថាបើផ្អែកលើរបាយការណ៍ជាសកលស្ដីពីកុមារភាពរបស់អង្គការ Save the Children ឆ្នាំ២០១៩ ប្រទេសកម្ពុជានៅតែស្ថិតក្នុងលំដាប់ទី១២០ នៃចំណាត់ថ្នាក់ក្នុងចំណោម ១៧៦ប្រទេស។
មិនមែនកុមារគ្រប់រូបសុទ្ធតែទទួលបានភាពរីករាយរហូត ក្នុងវ័យកុមារភាពនោះទេ ហើយភាពសប្បាយរីករាយរបស់ពួកគេភាគច្រើនគឺមានរយៈពេលខ្លី។ កុមារមិនទទួលបានការអប់រំសម ស្របទៅតាមស្ដង់ដាដែលពួកគេគួរទទួលបាននោះទេ ហើយបញ្ហានៃការការពារក៏នៅមានលក្ខណៈទូទៅដែរ ដោយកុមារម្នាក់ក្នុងចំណោមបួននាក់ បានរាយការណ៍ថា ពួកគេបានទទួលរងនូវអំពើហិង្សាមួយចំនួន។
ព្រឹត្តិការណ៍នេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការរក្សាកុមារទាំងអស់ឱ្យមានសុវត្ថិភាព ផ្ដល់ការចិញ្ចឹមបីបាច់ និងការអប់រំ ហើយផ្ដល់នូវឱកាសពិសេសដើម្បីធ្វើឱ្យសិទ្ធិកុមារ ក្លាយជាអាទិភាពចម្បងបំផុតនៃផែនការជាតិ និងផែនការអភិវឌ្ឍន៍។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍ នេះក៏បង្ហាញផងដែរពីឆន្ទៈរបស់សហភាពអឺរ៉ុប ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ នៅតាមជនបទដើម្បីធ្វើអោយគោលដៅទាំងនេះក្លាយជាការពិត។
ព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមឡើងដោយការថ្លែងសុន្ទរកថាបើកកម្មវិធីរបស់ លោក Franck VIAULT ដែលជាអគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបក្នុងនាមដៃគូអភិវឌ្ឍន៍ទាំងអស់ និងសុន្ទរកថារបស់លោកស្រី ផាវ៉ាន់ សាកឿត ជាអនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ស្ត្រី និងកុមារខេត្តបាត់ដំបង និងជាសមាជិការក្រុមប្រឹក្សាខេត្ត។ ក្នុងនោះក៏មានការចូលរួមពីអ្នក តំណាងមកពីទីភ្នាក់ងារ USAID និងអង្គការ Save the Children ផងដែរ។
លោក Franck VIAULT បានថ្លែងថា យើងរីករាយណាស់ដែលបានប្រារព្ធខួបទី៣០ ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារជាមួយអ្នកទាំងអស់គ្នានៅខេត្តបាត់ដំបង។ អនុសញ្ញានេះ គឺធានាឱ្យមាន ការអនុវត្តន៍កាន់តែប្រសើរឡើងនូវសិទ្ធិកុមារនៅទូទាំងពិភពលោក។ វាបានជម្រុញឱ្យសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួនផ្លាស់ប្តូរច្បាប់គោលនយោបាយ និងការអនុវត្តដែលមានគោលបំណងការពារ និងលើកកម្ពស់សិទ្ធិរបស់កុមារ។
លោកបន្តថា «អនុសញ្ញាស្តីពីសិទ្ធិកុមារធ្វើឱ្យរដ្ឋាភិបាលប្ដេជ្ញាចិត្តផ្តល់ឱ្យកុមារគ្រប់រូបនូវកម្រិតជីវភាពប្រសើរឡើង ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍទាំងសរីរាង្គរាងកាយ ផ្លូវចិត្ត ស្មារតី ការអភិវឌ្ឍសីលធម៌ និងសង្គម រួមទាំងការទទួលបានការអប់រំផងដែរ។ ដៃគូអភិវឌ្ឍន៍ទាំងអស់មានសេចក្ដីសោមនស្សរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅទាំងនេះ។ ដូច្នេះ សូមយកចិត្តទុកដាក់ទាំងអស់គ្នាទៅលើសកម្មភាពនៅពេល ខាងមុខ ដែលយើងនឹងត្រូវធ្វើដើម្បីបន្ដអនុវត្តសិទ្ធិកុមារឱ្យទទួលបានផ្លែផ្កាថែមទៀត។ សូមគាំទ្រពួកគេ និងចូលរួមប្រឡូកការងារជាមួយពួកគេ»។
លោក Cristian Munduate តំណាងឱ្យអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានថ្លែងថា ៣០ឆ្នាំមុននេះ ប្រជាជាតិនានាទូទាំងពិភពលោក បានធ្វើការសន្យាមួយដល់កុមារទាំងឡាយនៅក្នុងពិភពលោក ជាការសន្យាដែលមិនធ្លាប់មានពីមុនមកឡើយ។ ពួកគេបានសន្យាថានឹងផ្ដល់នូវ ពិភពលោកមួយដែលកុមារទាំងអស់មានសិទ្ធិដូចមនុស្សពេញវ័យដែរ ដូចជាការទទួលបាននូវ សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ ទឹកស្អាត អនាម័យ និងការការពារជាដើម នោះគឺពិភពលោក មួយដែលសំលេងរបស់កុមារមានសារៈសំខាន់ និងជាពិភពមួយដែលកុមារត្រូវបានគេយកចិត្តទុកដាក់ ប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោកបន្តថា «វាពិតជាសំខាន់ណាស់ដែលមនុស្សគ្រប់គ្នា ជាពិសេសកុមារត្រូវយល់ដឹង អំពីសិទ្ធិទាំងនេះ។ នៅពេលដែលយើងដឹងច្បាស់ពីសិទ្ធិរបស់យើង យើងអាចដើរតួនាទីយ៉ាងសកម្ម ក្នុងការអនុវត្ត និងអាចធ្វើឱ្យសិទ្ធទាំងនោះក្លាយទៅជាការពិតបាន។ អង្គការយូនីសេហ្វពិតជាមាន មោទនភាពក្នុងការធ្វើជាដៃគូជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប ទីភ្នាក់ងារ USAID អង្គការ Save the Children និងដៃគូដទៃទៀតដើម្បីធ្វើឱ្យប្រាកដថាកុមារគ្រប់រូបយល់ដឹងច្បាស់ពីសិទ្ធិទាំងអស់នេះ»។
លោកស្រី Elizabeth Pearce នាយកប្រចាំប្រទេសនៃអង្គការ Save the Children បានថ្លែងថា អនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិមិនត្រឹមតែទទួលស្គាល់ ថាកុមារមានសិទិ្ធជាមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានសិទ្ធិពិសេសបន្ថែមទៀតផងដែរ ដោយសារ តែភាពរងគ្រោះដែលកុមារបានជួបប្រទះមានការកើនឡើង ទៅតាមអាយុរបស់ពួកគេ។
លោកស្រីបន្តថា «អនុសញ្ញាស្ដីពី សិទ្ធិកុមាររបស់អង្គការសហប្រជាជាតិទទួលស្គាល់ថា កុមារគឺមិនមែនជា “ទ្រព្យសម្បត្តិរបស់មនុស្ស ពេញវ័យ” ទេ ប៉ុន្តែពួកគេមានសមត្ថភាពក្នុងការបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន ហើយអនុសញ្ញានេះ ក៏កំណត់នូវបទដ្ឋាន និងគោលការណ៍ជាអប្បបរមាដែលសង្គមនីមួយៗគួរតែប្រព្រឹត្តចំពោះកុមារ គ្រប់រូប។ អង្គការ Save the Children កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូ ផ្សេងទៀតដើម្បីគាំទ្រដល់កុមារឱ្យទទួលបាន សិទ្ធិរស់រានមានជីវិត ការការពារ ការអភិវឌ្ឍ និងការចូលរួម»។
កុមារជាង៣០០នាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏បានឮពីសមាជិកសហគមន៍របស់ ពួកគេដូចជានាយកសាលាបឋមសិក្សាពីរធ្នូ និងតំណាងកុមារពីរនាក់គឺ កុមារា ទោម រតនវង្ស បុថកុមារី ចាន់ ភីនុ ដែលបានចែករំលែករឿងរ៉ាវ និងបង្ហាញថា តើសិទ្ធិកុមារមានអត្ថន័យយ៉ាងណាចំពោះពួកគេ។ ព្រឹត្តិការណ៍ដែលមានឈ្មោះថា ផ្តល់សិទ្ធិទាំងអស់ដល់កុមារគ្រប់រូប គឺពោរពេញទៅដោយសកម្មភាព ដែលបាននាំមកនូវភាពសប្បាយរីករាយសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។
កម្មវិធីនេះបាន ចាប់ផ្តើមពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ក្នុងពេលនោះ អ្នកចូលរួមបានសប្បាយរីករាយ និងការសម្តែងរបាំរបស់អង្គការហ្វារពន្លឺសិល្បៈ ការសម្ដែងសៀករហស្សកម្ម និងក្រុមរបាំ Tiny Toones។ កុមារគឺជាតួអង្គសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ ហើយពួកគេមានភាពរីករាយក្នុងការចូលរួម បង្ហាញនូវសិល្បៈ និងសិប្បកម្ម ការចូលរួមលេងកំសាន្តជាមួយក្រុមរបាំប្រពៃណី និងការរាំហ៊ីបហប ការរៀបចំតុបតែងប៉េងប៉ោង និងមើលការសម្តែងសៀក ទន្ទឹមនឹងនោះពួកគេក៏អាចលេងកម្សាន្ត សប្បាយជាមួយមិត្តភក្តិរបស់ពួកគេ និងការចូលរួមការពិភាក្សាផ្សេងៗទៀតផង៕