(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជុំវិញ បច្ចុប្បន្នភាពនៃសុខុមាលភាពរបស់និស្សិតខ្មែរ ដែលកំពុងស្នាក់ទីក្រុងវូហាន ប្រទេសចិន កន្លែងដែលផ្ទុះឡើងនូវជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា។
ក្រសួងអប់រំបានបញ្ជាក់ថា និស្សិតសិក្សានៅទីក្រុងវូហាន ខេត្តហូប៉ី សរុបចំនួន៨៩នាក់ និងកំពុងសិក្សានៅតាមសាកលវិទ្យាល័យចំនួន៧កន្លែងផ្សេងៗគ្នា ក្នុងនោះមាននិស្សិតចំនួន២៣នាក់ ដែលកំពុងមានវត្តមាននៅទីក្រុងវូហាន មកទល់ពេលនេះមានសុខភាពរឹងមាំ និងមិនមាននិស្សិតណាម្នាក់ ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ ដោយសារទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាគមនិស្សិតនៅទីនោះ។
ក្រសួងអប់រំបន្តថា និស្សិតមួយចំនួនទទួល បានអាហារពីសាកលវិទ្យាល័យ ជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃ៣ពេល ដោយភាគីខាងសាកលវិទ្យាល័យបានយកអាហារមកផ្គត់ផ្គង់ ដល់បន្ទប់ ស្នាក់នៅរបស់និស្សិត និងនិស្សិតមួយចំនួនទៀតត្រូវទិញអាហារដោយខ្លួនឯង ពីកន្លែងលក់ទំនិញ ដោយចំណាយពេល១៥នាទី (ការទិញមួយដងអាចទទួលទាន បានរយៈពេល៣ទៅ៤ថ្ងៃ)។
ក្រសួងអប់រំបញ្ជាក់ថា ចំពោះនិស្សិតចំនួន៦៦នាក់ផ្សេងទៀត បានត្រឡប់មកប្រទេសកម្ពុជា នាដើមខែមករា ឆ្នាំ២០២០នេះ ក្នុងគោលបំណងមកលេងស្រុកកំណើត ក្នុងខណៈវិស្សមកាលរដូវរងា ដូចរៀងរាល់ឆ្នាំ និងទទួលបានការអនុញ្ញាតឱ្យឈប់ សម្រាកត្រឹមត្រូវ ដោយសាកលវិទ្យាល័យនីមួយៗ។ សាកលវិទ្យាល័យបានពន្យារពេលវិស្សមកាលនេះ និងបានជូនដំណឹងទៅនិស្សិតអំពី កាលបរិច្ឆេទចូលរៀនវិញ នៅពេលក្រោយ។
ពាក់ព័ន្ធ វិធានការដោះស្រាយ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងតំណាង០១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជាទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ជាប្រចាំថ្ងៃ ដោយក្រសួងបានផ្តល់ថវិកាចំនួន ៤៦,០០០,០០០រៀល ដោយនិស្សិតម្នាក់ៗទទួលបាន ២,០០០,០០០ រៀល (ពីរលានរៀល) ដើម្បីជួយឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ របស់និស្សិតទាំង២៣រូប។ ថវិកានេះត្រូវបានផ្ទេរជូនតាមរយៈតំណាង និស្សិតកម្ពុជានៅទីនោះ គឺលោក ប៉ែន បារាំង ដើម្បីចាត់ចែងបន្ត ទៅដល់និស្សិតផ្សេងៗទៀត៕