(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រជុំសម្របសម្រួល ពិភាក្សាលើគម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី រវាងក្រុមហ៊ុន Vinci Airports តំណាងដោយលោក Emmanuel MENANTEAU ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA តំណាងដោយលោក Alain BRUN និងក្រុមហ៊ុន OCIC តំណាងដោយលោក វ៉ាន់ ឆាលហ៍ជួន។
នៅក្នុងកិច្ចប្រជុំនេះ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ផ្អែកតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការអនុញ្ញាតឲ្យលោកជាអ្នកសម្របសម្រួលដឹកនាំប្រជុំលើកិច្ចសហការរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុន SCA ជាពិសេស ការចូលរួមជាប្លង់រចនាបទ នៃការសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ដូច្នេះដើម្បីមានមូលដ្ឋានជាក់លាក់ ក្នុងការរាយការណ៍ ជូនសម្ដេចតេជោ លោកបានស្នើសុំឱ្យភាគីនីមួយៗ បញ្ជាក់អំពីជំហររៀងៗខ្លួន ឱ្យបានច្បាស់លាស់ អំពីកិច្ចសហប្រតិបត្ដិការនេះ។
ជាការឆ្លើយតបភាគីទាំងពីរ បានបញ្ជាក់ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន SCA មានសេចក្ដីរីករាយ ក្នុងកិច្ចសហការឈរលើមិត្ដភាព ជាមួយនឹងក្រុមហ៊ុន OCIC ក្នុងគម្រោងរៀបចំប្លង់រចនាបទ ការផ្ដល់ប្រភពហិរញ្ញប្បទាន ការសាងសង់រចនាសម្ព័ន្ធសំណង់ និងធ្វើអាជីវកម្ម ជាពិសេសបើអាចយើងពិភាក្សាគ្នា អំពីការបង្កើតក្រុមហ៊ុនរួមគ្នារវាង OCIC និង SCA ដូចដែលក្រុមហ៊ុន SCA ធ្លាប់មានបទពិសោធន៍ជាមួយក្រុមហ៊ុន Mohiba ក្នុងការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបច្ចុប្បន្ន។
២៖ ដោយឡែកក្រុមហ៊ុន OCIC បានបញ្ជាក់ថា ខ្លួនក៏មានការរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុន SCA។ ប៉ុន្ដែបានស្នើសុំឱ្យភាគីក្រុមហ៊ុន SCA ជួយរៀបចំកិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់គ្នាពិសេសមួយ ក្នុងលក្ខខណ្ឌកិច្ចសហប្រតិបត្ដិការ ដែលអាចទទួលយកបានក្នុង គម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ហើយនឹងទទួលយកការណែនាំបន្ថែមទៀត ពីបណ្ឌិតរដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់ និងអនុសាសន៍ណែនាំពីរាជរដ្ឋាភិបាល។
ជាលទ្ធផលអង្គប្រជុំបានសម្រេចបាន គឺកំណត់ឱ្យក្រុមហ៊ុន SCA រៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នាពិសេសមួយ ស្ដីពីកិច្ចសហប្រតិបត្ដិការរវាង OCIC និង SCA ស្ដីពីគម្រោងអភិវឌ្ឍន៍សាងសង់អាកាស យានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ផ្ញើមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យបានមុនថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងករណីចាំបាច់ពាក់ព័ន្ធនឹងការបច្ចេកទេសភាគីទាំងពីរ ត្រូវផ្ដល់ជំនាញការពិភាក្សា ជាលក្ខណៈទ្វេភាគីក្រោមការសម្របសម្រួលពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
សូមជម្រាបថា អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ជុំវិញដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅលើកទឹកដីខេត្តកណ្តាល និងតាកែវ ថាអាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។
គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន។
ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។
ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន ១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន ៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន ១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC និង ២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។
ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី ឲ្យទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ និងព្រលានយន្តហោះរបស់សិង្ហបុរី៕