Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញស្ពានកូរ៉េ មានវត្តមាននៅកម្ពុជាដូចស្ពានចិន និងជប៉ុនដែរ (Video inside)

04-02-2020 17:48

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីបំណងរបស់សម្តេចដែលចង់ឃើញមានវត្តមានស្ពានកូរ៉េខាងត្បូង ស្ថិតនៅលើទឹកដីកម្ពុជា ដូចទៅនឹងស្ពានរបស់ចិន និងជប៉ុន នាពេលបច្ចុបន្ននេះដែរ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក មូន ជេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅប្រទេសកូរ៉េខាងត្បូងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ចង់ឃើញស្ពានរបស់កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។

លោកបានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះ គឺសម្តេចតេជោចង់ឃើញ ដោយសារតែប្រទេសចិន ជប៉ុន បានជួយសាងសង់ស្ពាននៅក្នុងប្រទេសកម្ពុជា ហើយសម្តេចក៏ចង់ឃើញស្ពានដែលធ្វើដោយប្រទេសកូរ៉េ នៅប្រទេសកម្ពុជាផងដែរ ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គ។ ក្នុងន័យនេះសម្តេចក៏បានស្នើឱ្យកូរ៉េពិចារណាក្នុងការសាងសង់ស្ពាន នៅពេលខាងមុខនេះ»

ជាការឆ្លើយតប លោកប្រធានាធិបតីកូរ៉េ បានអះអាងថា លោកនឹងខិតខំជំរុញឲ្យក្រុមហ៊ុ នកូរ៉េទៅបន្តបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ហើយនឹងចាប់យកឱកាសនៃ កសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាម លោក កៅ គឹមហួន។ លោកប្រធានាធិបតីបានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រគោលការណ៍ ៣របស់រដ្ឋាភិបាលកូរ៉េ ពិសេសគឺការប្រែក្លាយឧបទ្វីបកូរ៉េ ជាតំបន់សន្តិភាព៕