(ព្រះវិហារ)៖ អាសូរណាស់! សំឡេងស្រែកយំទួញសោកដូចសត្វអក ត្រូវបានពន្លឺឡើងនៅពេញគ្រួសារយោធាបម្រើការនៅអង្គភាព៣៩៥ ដោយសារកូនប្រុសស្រី និងក្មួយទាំង ៣នាក់ បានលង់ទឹកស្រះមុខផ្ទះស្លាប់យ៉ាងអណោចអធ័ម។
ហេតុការណ៍ដ៏គួរឱ្យតក់ស្លុតនេះ បានកើតឡើងកាលពីវេលាម៉ោង០១៖៣០នាទីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិសែនតេជះ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃនេះថា មុនពេលកើតហេតុក្មេងប្រុសស្រីរងគ្រោះទាំង ៣នាក់ បានចុះងូតទឹកស្រះនៅមុខផ្ទះ បណ្តាលឱ្យលង់ទឹកស្លាប់ទាំង ៣នាក់តែម្តង។
លោកអធិការ បានឱ្យដឹងទៀតថា ដំណឹងនៃការលង់ទឹកស្រះនេះ គឺដោយសារអ្នកក្បែរខាងឃើញធុងទឹកនៅមាត់ស្រះទឹកសង្ស័យរួចទៅរាយការណ៍ ប្រាប់មេភូមិ ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ក៏នាំគ្នាមកចុះរាវក្នុងទឹកស្រះ ក៏បានប្រទះឃើញសពក្មេងទាំង ៣នាក់នេះ ស្លាប់យ៉ាងអណោចអធ័ម។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីលង់ទឹកស្រះស្លាប់របស់ក្មេង៣នាក់នេះ ប្រហែលដោយសារតោងជួយគ្នា។
សពក្មេងរងគ្រោះទាំង ៣រួមមានទី១៖ ឈ្មោះ នៅ វ៉ាន់ ភេទប្រុស អាយុ០៨ឆ្នាំ, ទី២៖ ឈ្មោះ នៅ ចេកសាន ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាបងប្អូនបង្កើត និងទី៣៖ ឈ្មោះ ឆាង ស្រីកា ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ មករស់នៅផ្ទះរួមជាមួយជនរងគ្រោះអាណាព្យាបាល ឪពុកឈ្មោះ ជ័យ នៅ អាយុ៣២ឆ្នាំ មុខរបរទាហាន៣៩៥ ម្ដាយឈ្មោះ នឿន ស្រីម៉ៅ អាយុ៣១ឆ្នាំ៕