(ភ្នំពេញ)៖ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគូបាប្រចាំកម្ពុជា បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែងចាត់វិធានការឆ្លើយតប ទប់ស្កាត់ការរីករាលដាលជំងឺរលាកសួតប្រភេទកូរ៉ូណាវីរុស ពីទីក្រុងវូហាន ប្រទេសចិនចូលមកកម្ពុជា។
ជាពិសេសឆ្លើយតប និងបានជូនព័ត៌មានលម្អិត ជូនទៅដល់ដៃប្រជាពលរដ្ឋពីវិធានការ ទោះបីជាមានព័ត៌មាន Fake news បំពុលសង្គមច្រើនក៏ដោយ តែបានឆ្លើយតបទាន់ពេលវេលា ដើម្បីកុំឱ្យប្រជាពលរដ្ឋភ័យខ្លាច។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះ លោកស្រី Liurka Rodriguez Barrios បានថ្លែងថា គូបានឹងបន្ដពង្រឹងកិច្ចសហការប្រតិបត្ដិការជាមួយកម្ពុជា កាន់តែស្អិតរមួតបន្ថែមទៀត ជាពិសេសនឹងបន្ដបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ឱ្យកាន់តែល្អប្រសើរឡើង។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណសាធារណរដ្ឋគូបា ដែលបានជួយកម្ពុជាកន្លង ជាពិសេសក្នុងគ្រាក្រីក្រលំបាក ទើបរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត បានជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រ និងបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល បានយ៉ាងល្អប្រសើរ ព្រមទាំងដឹកនាំក្រុមគ្រូពេទ្យរបស់ប្រទេសខ្លួនមកផ្ទាល់ ដើម្បីបណ្តុះបណ្តល និងផ្តល់ឱកាសឲ្យនិស្សិត និងបុគ្គលិកយើងទៅសិក្សាស្រាវជ្រាវ នៅប្រទេសរបស់ខ្លួន។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ថ្លែងបន្តថា នេះជាឱកាសមួយដ៏ល្អបន្ថែមទៀត ដែលសាធារណរដ្ឋគូបា មកបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសផ្តោតលើវិស័យសុខាភិបាល ដែលនឹងផ្តល់ឱកាសឱ្យនិស្សិតរបស់យើង បានទៅសិក្សាជំនាញ និងទទួលបានបទពិសោធន៍ មកបម្រើសេវាជូនប្រជាពលរដ្ឋយើង ឲ្យកាន់តែប្រសើរបន្ថែមទៀត៕