(សេអ៊ូល, កូរ៉េខាងត្បូង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៉ីន បានសន្យានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា នឹងជំរុញអ្នកវិនិយោគកូរ៉េខាងត្បូងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។
ការសន្យារបស់លោក ម៉ូន ជេអ៉ីន បានធ្វើឡើងនៅក្នុងជំនួបស្វាគមន៍ និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីក្រុងសេអ៊ូល ទីដែលសម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០របស់អង្គការសហព័ន្ធសន្តិភាពសកល។
ក្នុងជំនួបនេះ លោក មូន ជេអ៉ីន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន។ វត្តមានរបស់សម្តេចតេជោ នៅចំពេលមានព្រិលធ្លាក់ ជាហេតុនាំឱ្យលោក មូន ចាត់ទុកវត្តមានសម្តេចតេជោ ជាភ្ញៀវដ៏ពិសេសសម្រាប់លោក។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី បានកត់សម្គាល់ពីការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឈានដល់ដំណាក់ដ៏ល្អប្រសើរនាពេលបច្ចុប្បន្ន។
ក្រៅពីការគូសបញ្ជាក់ពីវឌ្ឍនភាពនៃទំនាក់ទំនងហើយនោះ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់លោកប្រធានាធិបតីជំរុញអ្នកវិនិយោគកូរ៉េខាងត្បូងមកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ ឆ្លើយតបសំណើនេះ លោកប្រធានាធិបតី មូន ជេអ៉ីន បានសន្យាប្រឹងប្រែងជំរុញអ្នកវិនិយោគរបស់ខ្លួនមកកម្ពុជា ជាពិសេសចាប់ឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់កូរ៉េខាងត្បូង ដែលចុះបញ្ជីទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ២១៥គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៥ពាន់លានដុល្លារអាមេរិក។ ក្នុងនោះមាន ១២៣គម្រោងវិនិយោគលើរោងចក្រជាមួយទុនវិនិយោគ ៤៨៦លានដុល្លារ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង។
ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើប្រធានាធិបតីកូរ៉េខាងត្បូង បើកទីផ្សារឱ្យបានកាន់តែធំថែមទៀត សម្រាប់ផលិតផលរបស់សកម្ពុជា ជាពិសេសផលិតកសិផល។ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឃើញអ្នកវិនិយោគកូរ៉េខាងត្បូង មកវិនិយោគលើការកែច្នៃផលិតកសិផលសម្រាប់នាំចេញទៅកូរ៉េខាងត្បូងផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងលោក មូន ជេអ៉ីន ក៏បានពិភាក្សាគ្នាពីការជំរុញវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើការអនុវត្តន៍ច្បាប់ផ្សេងៗ។
ក្នុងជំនួបនេះ សម្តេចតេជោ និងលោក មូន បានពិភាក្សាលើបញ្ហាឧបទ្វីបកូរ៉េផងដែរ។ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញឧបទ្វីបកូរ៉េរក្សាបាននូវសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកប្រធានាធិបតីកូរ៉េខាងត្បូង មកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលធ្វើឡើងនៅកម្ពុជាក្នុងឆ្នាំ២០២០នេះផងដែរ៕