(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ពង្រឹងចំណេះដឹងជំនាញរបស់ខ្លួនឱ្យរឹងមាំ ព្រោះថាទីផ្សារការងារបច្ចុប្បន្ន មានការប្រកួតប្រជែងខ្លាំង ដែលទាមទារក្មួយៗត្រូវមានសមត្ថភាពមានចំណេះដឹង មានជំនាញ និងមានបទពិសោធន៍ច្បាស់លាស់ ជាពិសេសភាសា និងកុំព្យូទ័រ ក្នុងការស្វែងរកការងារបានតាមសេចក្តីប្រាថ្នា ដែលជាប្រកួតប្រជែង ចាប់យកឱកាសការងារ បន្ទាប់ពីការប្រកួតប្រជែងនៅថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ គឺដោយសារប្រទេសជាតិស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័សនេះ ដែលទាមទារអ្នកមានសមត្ថភាពចេះពិតប្រាកដ។
ការណែនាំបែបនេះ របស់លោក ជាម ច័ន្ទសោភ័ណ បានធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ៤ជាន់ ស្មើនឹង៥៦បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃវិទ្យាល័យហ៊ុនសែន តំបែរ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាលាស្រុកតំបែរ។
ឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ ក៏អំពាវនាវកុំឱ្យក្មួយៗបោះបង់ចោលការសិក្សា ព្រោះថាមានតែចំណេះវិជ្ជានោះទេ ដែលជាទ្រព្យគាប់ប្រសើរ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល ហើយប្រសិនបើក្មួយៗ ចង់រៀនបន្ត តែជួបបញ្ហាណាមួយ មិនមានលទ្ធភាព អាចបន្តការសិក្សាបានសុំជូនដំណឹងមកមេភូមិ មេឃុំ អភិបាលស្រុក ក្រុមការងារ និងមករូបលោកផ្ទាល់ ដើម្បីពិនិត្យនិងដោះស្រាយតាមស្ថានភាពជាក់ស្តែង។
បន្ថែមលើសពីនេះ លោក អភិបាលខេត្ត បានណែនាំបន្ថែមផងដែរឱ្យសិស្សានុសិស្សលេងកីឡាឱ្យបានគ្រប់ៗគ្នា ថែរក្សាសុខភាពឱ្យបានល្អ ព្រោះថាជោគជ័យលើការសិក្សា និងទៅកាន់អនាគត សុខភាពនេះហើយជាកត្តាចម្បង ព្រមទាំងឱ្យរួមគ្នាថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ឱ្យដូចរូបសម្រស់ដ៍ស្អាតល្អដូចក្មួយៗផងដែរ។
ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានប្រកាសផងដែរថា រដ្ឋបាលខេត្តនឹងដាក់ភ្លើងបំភ្លឺផ្លូវតាមបណ្តោយផ្លូវក្នុងខេត្ត អោយហើយមុនពិធីបុណ្យចូលឆ្នាំខ្មែរ មកដល់នាពេលខាងមុខនេះ ពិសេសធ្វើសួនច្បារនៅមាត់ទន្លេសិប្បនិម្មិត ដោយមានរៀបចំដាំផ្កា កន្លែងហាត់ប្រាណ និងដាក់ឱ្យជាតំបន់ហ្វ្រីវាយហ្វាយ (Smart Area Free Wifi) ផងដែរ សម្រាប់ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត។
លោក ជាម ច័ន្ទសោភ័ណ បានចែកជូនថវិការដល់លោកគ្រូអ្នកគ្រូ គ្រូពេទ្យ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម ស.ស.យ.ក កងវិស្វកម្ម កងកម្លាំង ក្នុងម្នាក់២០,០០០រៀល និងសិស្សានុសិស្សក្នុងម្នាក់ ៥,០០០រៀល ផងដែរ៕