(តាកែវ)៖ ទីតាំងដាំដើមកញ្ឆាខុសច្បាប់មួយកន្លែង ដែលមានកញ្ឆាស្រស់រាប់រយដើម នៅចំណុចខាងក្រោមដាជំពុះសេក ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ច ស្រុកគិរីវង់ ចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនអ្នកដាំបានម្នាក់។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញា លើករណីបង្ក្រាបគ្រឿងញៀននៅមូលដ្ឋាន។
បើតាមលោក យុគ សារ៉ាត់ អធិការនគបាលស្រុកគីរីវង់ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បានឈ្មោះ ផន ម៉ុច អាយុ៣៥ឆ្នាំ ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលជាមុខសញ្ញាសកម្ម ក្នុងការដាំកញ្ឆា ខណៈជនសង្ស័យកំពុងស្នាក់ នៅក្នុងចំការកញ្ឆាស្ថិតនៅតំបន់ខាងលើ។
លោកអធិការស្រុកគីរីវង់ បានបន្តថា បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនបន្តមកស្នងការដ្ឋាននគបាលខេត្ត ដើម្បីចាត់ការបន្ត ហើយកម្លាំងជំនាញ របស់លោកក៏កំពុងតែស្រាវជ្រាវ បន្តទៅទៀត ដើម្បីរុករកទីតាំងដំណាំកញ្ឆា ដែលក្រុមល្មើសលួចដាំលើខ្នងភ្នំ និងចង្កេះភ្នំ ដើម្បីដុតបំផ្លាញចោល និងចាប់ជនសង្ស័យយកទៅកាត់ទោសទៅតាមច្បាប់៕