(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានកិច្ចប្រជុំ គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ និងលទ្ធភាព នៃការធ្វើឲ្យប្រសើរឡើង នូវភាពងាយស្រួល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា (Ease of Doing Business)។
ក្នុងកិច្ចប្រជុំ ដែលបានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី សំណាក់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួនពីរ៖
១៖ វឌ្ឍនភាព នៃការអនុវត្តវិធានការកែ ទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ និងវិធានការបន្ថែមនានា ក្រោមក្របខ័ណ្ឌ គ.ស.ហ ដែលបានឯកភាព និងដាក់ឲ្យអនុវត្តក្នុងឆ្នាំ២០១៩ និង២៖ ពិនិត្យលទ្ធភាពនៃការធ្វើឲ្យប្រសើរឡើង នូវភាពងាយស្រួលក្នុងការធ្វើធុរកិច្ច នៅកម្ពុជា (Ease of Doing Business in Camodia)។
* ១៖ វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់៖
ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោនាយក-រដ្ឋមន្រ្តី បានសម្រេចដ៏ខ្ពង់ខ្ពស់ ដាក់ចេញនូវវិធានការកែទម្រង់ ជាកញ្ចប់សំដៅកែលម្អបរិយាកាសវិនិយោគ, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា និងបានណែនាំឲ្យ គ.ស.ហ បន្តគិតគូរដាក់ចេញនូវវិធានការ កែទម្រង់បន្ថែមបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន៖
១៖ ការកាត់បន្ថយថ្លៃឡូជីស្ទីក, ថ្លៃសេវាលើកដាក់ និងថ្លៃសេវាផែ
២៖ ការកាត់បន្ថយថ្លៃអគ្គិសនី
៣៖ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
៤៖ ការសម្រួលពាណិជ្ជកម្ម តាមរយៈការលើកទឹកចិត្តផ្នែកសារពើពន្ធ
៥៖ កាត់បន្ថយថ្ងៃឈប់សម្រាក
៦៖ ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារដើម្បីឲ្យស្រប ទៅនឹងបរិបទថ្មីនៃសេដ្ឋកិច្ច
៧៖ ការលើកស្ទួយវិស័យទេសចរណ៍
៨៖ ការរៀបចំចំណតសាធារណៈ និងសណ្តាប់ធ្នាប់ ក្រុងឮ
៩៖ យន្តការគ្រប់គ្រងសំរាម និងសំណល់រឹង
១០៖ ការដោះស្រាយបញ្ហា នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងខេត្តព្រះសីហនុជាដើម។
ជារួម, ក្រសួង-ស្ថាប័នទទួលបន្ទុក បានអនុវត្តវិធានការ ដោយសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ និងទទួលបានការវាយតម្លៃខ្ពស់ ពីវិស័យឯកជន និងមជ្ឈដ្ឋានទូទៅ។
ក្នុងនោះ វិធានការមួយចំនួន ត្រូវបានអនុវត្តតាមផែនការ ដែលបានគ្រោងទុក ស្របពេលដែលមានវិធានការខ្លះ កំពុងត្រូវបានអនុវត្តជាជំហានៗ។ ប៉ុន្តែ ក៏មានវិធានការមួយចំនួនតូច តម្រូវឲ្យបង្កើនការខិតខំប្រឹងប្រែង ដើម្បីពន្លឿនការអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
* ២៖ ការធ្វើឲ្យប្រសើរឡើង នូវភាពងាយស្រួល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា៖
ភាពងាយស្រួលក្នុងការធ្វើធុរកិច្ច (Ease of Doing Business) ដែលជាការសិក្សារបស់ធនាគារពិភពលោក គឺជាការវាយតម្លៃបរិយាកាស ក្នុងការធ្វើធុរកិច្ច នៅបណ្តាប្រទេសចំនួន១៩០ តាមរយៈការផ្តល់ជាពិន្ទុ និងចំណាត់ថ្នាក់លើសូចនាករចំនួន១០ ដែលគិតចាប់ពីការចាប់ផ្តើមអាជីវកម្ម រហូតដំណោះស្រាយលើអសោធនភាព មានជាអាទិ៍៖
១៖ ការចាប់ផ្តើមអាជីវកម្ម (Starting a Business)
២៖ ការសុំការអនុញ្ញាតសាង់សង់ (Dealing with Construction Permits)
៣៖ ការតភ្ជាប់បណ្តាញអគ្គិសនី (Getting Electricity)
៤៖ ការចុះបញ្ជីអចលនទ្រព្យ (Registering Property)
៥៖ ការទទួលបានឥណទាន (Getting Credit)
៦៖ ការការពារវិនិយោគិនភាគហ៊ុនតិច (Protecting Minority Investors)
៧៖ ការបង់ពន្ធ (Paying Taxes)
៨៖ ពាណិជ្ជកម្មឆ្លងដែន (Trading Across Borders)
៩៖ ការអនុវត្តកិច្ចសន្យា (Enforcing Contract)
និង១០៖ ដំណោះស្រាយលើអសោធនភាព (Resolving Insolvency)។
របបគំហើញពីការវាយម្លៃចំណាត់ថ្នាក់ នៃភាពងាយស្រួលក្នុងការធ្វើធុរកិច្ច អាចជាឧបករណ៍មូលដ្ឋានដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគនៅកម្ពុជា ព្រោះថា ការវាយតម្លៃនេះ មានភាពប្រាដកនិយម, ប្រើប្រាស់វិធីសាស្រ្តជាក់លាក់ និងផ្តល់ភាពជាម្ចាស់ខ្ពស់ដល់រាជរដ្ឋាភិបាល។
ក្នុងន័យនេះ ការធ្វើឲ្យប្រសើរឡើងនូវពិន្ទុ និងចំណាត់ថ្នាក់នៃសូចនាករដូចខាងលើទាំងនោះ នឹងជំរុញឲ្យភាពងាយស្រួល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា មានមានភាពប្រសើរឡើង និងប្រកួតប្រជែងជាងមុន។
រាជរដ្ឋាភិបាល នឹងបន្តពិនិត្យ លើសូចនាករអាទិភាពទាំងនោះ ដើម្បីដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ដែលអាចទទួលផលក្នុងរយៈពេលខ្លី ក្នុងការធ្វើឲ្យកាន់តែប្រសើឡើង នូវបរិស្ថាននៃការធ្វើធុរកិច្ច ក៏ដូចជាធានាបាននូវភាពប្រកួតប្រជែងកាន់តែប្រសើរឡើងនៅកម្ពុជា។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន គ.ស.ហ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំនិង ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តវិធានការកែទម្រង់ កន្លងមក និងលើកទឹកចិត្ត ដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តគាំទ្រ និងផ្តល់កិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធានការគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាបន្តបន្ទាប់ទៀត៕