(ភ្នំពេញ)៖ កម្ពុជា និងបារាំង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកម្មវិធីសម្តែងសិល្បៈ ដើម្បីអបអរខួប២០ឆ្នាំ នៃការចងសម្ព័ន្ធមេត្រីទីក្រុងសៀមរាប និងទីក្រុង Fontainebleau។
កម្មវិធីសិល្បៈនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក Frederic Valletoux អភិបាលក្រុង Fontainebleau ចូលរួមដោយលោក អ៊ុំ សុកាន ភារធារីស្តីទី នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជា នៅប៉ារីស ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ។
សៀមរាប និង Fontainebleau បានចុះហត្ថលេខាជាទីក្រុងសម្ព័ន្ធមេត្រី ចាប់តាំងពីឆ្នាំ២០០០។ ឆ្នាំ ២០២០ គឺជាខួប២០ឆ្នាំ នៃការក្លាយជាទីក្រុងសម្ព័ន្ធមេត្រីនៃទីក្រុងទាំងពីរ ។
ការសម្តែងសិល្បៈដើម្បីរឹតបណ្តឹងចំណងមិត្តភាពទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-បារាំង ត្រូវបានរៀបចំឡើងដោយ សមាគមសិល្បៈវប្បធម៌ខ្មែរ Art Culture Khmer (ACK) គាំទ្រដោយស្ថានទូតកម្ពុជានៅបារាំង ។ ការសម្តែងត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ក្សត្រីយ៍ស៊ីសុវត្ថិកល្យាណទេវី ព្រះបុត្រីនៃសម្តេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ទេពនាដវដ្ដីឯក និង ចូលរួមសម្តែងដោយលោកស្រី ម៉េង កែវពេជ្ជតា និង សិល្បករខ្មែរជាច្រើនរូបទៀត ។
តាមរយៈកម្មវិធីនេះ កម្ពុជាបានបង្ហាញនូវវប្បធម៌ និងអរិយធម៌ខ្មែរដ៏ សម្បូរបែប និងត្រចេះត្រចង់ជូនប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រ ក៏ដូចជាមិត្តភក្តិបរទេសបានទស្សនា និងស្វែងយល់បន្ថែមពីដួងព្រលឹងខ្មែរ។ កម្មវិធីនេះក៏ជាឱកាសល្អ ក្នុងការដាស់តឿនយុវជនខ្មែរជំនាន់ក្រោយ ឲ្យផ្តល់តម្លៃដល់សិល្បៈវប្បធម៌បុរាណខ្មែរ ដែលត្រូវបានលេបត្របាក់ដោយភាពទំនើបទាន់សម័យ ។
គួរជម្រាបជូនដែរថា សមាគម ACK ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ មានមូលដ្ឋាននៅប្រទេសបារាំង ។ ACK មានគោលបំណងបណ្តុះបណ្តាលអោយយុវជនជំនាន់ក្រោយ សា្គល់អំពីអត្តសញ្ញាណជាតិរបស់ខ្លួន និងថែរក្សាកុំអោយបាត់បង់នូវសិល្បៈវប្បធម៌ខែ្មរ តាមរយៈការផ្សាភា្ជប់នូវកិច្ចសហការទំនាក់ទំនងផែ្នកសិល្បៈក្នុងស្រុក និង ក្រៅស្រុក។
ដោយមានការឧបត្ថម្ភពីសប្បុរសជនក្នុង និងក្រៅប្រទេសជាពិសេសឱសថការី Nextypham និង លោក ឈួន សុកាន់ណារិទ្ធ សមាគមក៏បានចូលរួមចំណែក ក្នុងការផ្សព្វផ្សាយសិល្បៈវប្ប:ធម៌ខែ្មរ នៅលើឆាកអន្តរជាតិឲ្យគេបានសា្គល់កាន់តែច្បាស់អំពីវប្បធម៌ និង អរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជា៕