(កំពង់ចាម)៖ ផ្ទះដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រឿង ឈ្មោះ ធុន សឿង ភេទស្រី អាយុ៨២ឆ្នាំ រស់នៅភូមិក្រសាំងតាម៉ង ឃុំក្រូច ស្រុកព្រៃឈរ ដែលមានទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ។
ពិធីប្រគល់ផ្ទះនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសលោកឧត្តមសេនីយ៍ស្នងការ ដឹកនាំក្រុមការងារ អញ្ជើញចុះជួប សំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៨៥គ្រួសារ។
ក្រៅពីការប្រគល់ផ្ទះដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន, លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានឧបត្ថម្ភនូវថវិកា ចំនួន២០ម៉ឺនរៀល, អង្ករ១បេ, គ្រឿងឧបភោគបរិភោគ និងសម្ភារផ្ទះបាយមួយចំនួនទៀតផងដែរ។
គួរជម្រាបថា ក្នុងកម្មវិធីប្រគល់ទទួលផ្ទះនោះដែរ ក៏មានរៀបចំនូវអាហារថ្ងៃត្រង់ជូន ប្រជាពលរដ្ឋពិសារជួបជុំគ្នាចំនួន៨៥គ្រួសារ ដែលអញ្ជើញចូលរួមក្នុងកម្មវិធី ព្រមទាំងចែកជូនក្នុងម្នាក់ៗ ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀលផងដែរ។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឯម កុសល បានចុះត្រួតពិនិត្យតាមសំណើស្នើឲ្យជួយសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែលនៅភូមិជាមួយគ្នានោះដែរ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានសន្យានឹងខិតខំចលនាសប្បុរសជន ដើម្បីជួយសាងសង់ផ្ទះថ្មីជូនគាត់ក្នុងពេលឆាប់ៗខាងមុខនេះ៕