(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ជនរងគ្រោះមិនបានសម្រេច នៅចំណុចខាងជើងផ្សាម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីបង្ក្រាបជនសង្ស័យទាំង៤នាក់ខាងលើនេះ បានធ្វើឡើងនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
ជនសង្ស័យ៤នាក់រួមមានទី១៖ ឈ្មោះ នូ ដារ៉ូ ភេទប្រុស អាយុ១៨ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ, ទី២៖ ឈ្មោះ អេង ម៉េងហេង ភេទប្រុស អាយុ១៩ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ, ទី៣៖ ឈ្មោះ ទិត្យ វិស័ក្ត ភេទប្រុស អាយុ២៣ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ, និងទី៤៖ ឈ្មោះ សេត រ៉ាវិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ជនសង្ស័យទាំង៤នាក់ខាងលើ មានផ្ទុកសារធាតុញៀនទាំងអស់។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹម ចាន់ថា ភេទបុ្រស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនសំណង់ឯកជន ស្នាក់នៅផ្ទះលេខ៩២០ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គ្មានបាត់បង់សម្ភារនោះទេ។
សម្រាប់សម្ភារធ្វើសកម្មដកហូតបានរួមមាន៖ ម៉ូតូ០២គ្រឿង ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GQ-1256 និងម៉ូតូ ម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FU-0233 (របស់ជនសង្ស័យ)។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕