(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងចម្រុះដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាន ដោយធ្វើការប្រមូល សម្អាត និងដឹកចេញសំរាមកកស្ទះ នៅតាមដេប៉ូនានាខាងមុខផ្ទះបងប្អូនប្រជាពលរដ្ឋ និងទីតាំងសំខាន់ៗមួយចំនួនទៀត ក្នុភូមិសាស្ត្រសង្កាត់ទាំង១១។
រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា រដ្ឋបាលខណ្ឌ បានប្រើប្រាស់រថយន្តបែនចំនួន ០៤គ្រឿង, រថយន្តចូកសំរាម (សាស័រ) ចំនួន ០១គ្រឿង, រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីចំនួន ១០គ្រឿង, ម៉ូតូកង់បីដឹកសំរាមរបស់រដ្ឋបាលសង្កាត់ទាំង១១ ចំនួន ១១គ្រឿង, ម៉ូតូដឹកសំរាមរបស់រដ្ឋបាលខណ្ឌ ចំនួន ០៤គ្រឿង, កម្លាំងភ្នាក់ងារអនាម័យសង្កាត់ទាំង១១, កម្លាំងប្រជាការពារខណ្ឌចំនួន ៥០នាក់ និងកម្លាំងកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីចំនួន ២០២នាក់។
ក្នុងនោះក្រោយពីបានធ្វើការប្រមូល សម្អាត និងដឹកចេញរួច កម្លាំងបានប្រើប្រាស់ម៉ូតូកង់បីបំពាក់ម៉ាស៊ីនបាញ់លាងសំអាត ដើម្បីកុំឲ្យមានក្លិនស្អុយឆ្អេះឆ្អាប ដែលនាំឲ្យប៉ះពាល់ដល់សុខភាព សាធារណៈរបស់បងប្អូនប្រជាពលរដ្ឋទូទៅ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទាំងមូលផងដែរ។
ក្នុងឱកាសនេះដែរ លោក សុខពេញវុធ បានប្ដេជ្ញាថា នឹងដឹកនាំកម្លាំងចុះប្រមូល សំអាត និងដឹកចេញសំរាមឲ្យបានអស់ទាំងស្រុងនៅថ្ងៃនេះតែម្ដង ប៉ុន្តែលោកអភិបាល ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីងាយស្រួលដល់កម្លាំងយើង និងកម្លាំងរបស់ក្រុមហ៊ុនស៊ីនទ្រីប្រមូលដឹកចេញ៕