(ភ្នំពេញ)៖ កម្លាំងនគរបាលស្រុកអង្គស្នួល និងកម្លាំងល្បាតរបស់ខណ្ឌកំបូល រាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមចោរឆក់ចំនួន ៣នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច និងព្យាយាមរត់គេចខ្លួន។
បើតាមលោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌអធិការស្រុកអង្គស្នួល បានប្រាប់ឱ្យដឹង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៧៖២០នាទី នៅលើផ្លូវជាតិលេខ៤ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សុវណ្ណា បានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ សួង សុខម៉េង ហៅ បឺត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត នៅភូមិមនោរម្យ ឃុំបែកចានម ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកម៉ូតូ និងជាអ្នកឆក់ទូរស័ព្ទ, ទី២៖ ឈ្មោះ សេង មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដើររោងការ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកអង្គុយកណ្តាល និងយកទូរស័ព្ទឆក់បានទុក និងទី៣៖ឈ្មោះ ជ្រឹង វេហា ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរ លេងភ្លេងនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល អង្គុយក្រោយ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូម៉ាកសង់២០១៩ ពណ៌ខ្មៅ ០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1HX-9638 ទូរស័ព្ទម៉ាក IPHONE7+ ពណ៌ខ្មៅ០១គ្រឿង (របស់ជនរងគ្រោះ) ទូរស័ព្ទម៉ាកណូគា ចុចពិល១គ្រឿង របស់ជនល្មើសដាវ០១ដើម របស់ឈ្មោះ សួង សុខម៉េង ហៅបឺត។ ចំណែកជនរងគ្រោះ មានឈ្មោះ នឿន ឃុននាថ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សុវណ្ណា បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពី ចេញពីធ្វើការដោយដាក់ទូរស័ព្ទ នៅក្នុងខ្លុបម៉ូតូ លុះជិះមកដល់ចំណុចខាងលើស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់ មានគ្នា៣នាក់ មកដល់ឆក់យកទូរស័ព្ទដៃ ហើយជិះរត់គេច។ ជនរងគ្រោះជិះដេញតាមស្រែកថាចោរៗ ទើបជួបសមត្ថកិច្ចល្បាតចេញ តាមដោយសហការជាមួយខណ្ឌកំបូល ឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិលិចវត្តសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ថាច់ សុវណ្ណា បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សួង សុខម៉េង ហៅបឺត បានសារភាពថាខ្លួនជាអ្នកបើកម៉ូតូដោយយកដាវសូកចូលក្នុងខោធ្វើសកម្មភាពឆក់យកបានទូរស័ព្ទហើយ ហុចទៅឱ្យឈ្មោះ សេង មករា នេះទុក ខ្លួនបើករត់គេច។ មុនពេលធ្វើសកម្មភាពបានជួបជុំគ្នាផឹកស្រានៅកញ្ចុះ ដីឡូតិ៍ភូមិមនោរម្យរួចហើយទើបចេញធ្វើសកម្មភាព។
បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការស្រុកអង្គស្នួល បាននឹងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនក្រុមចោរឆក់ទាំង៣នាក់ ទៅកាន់តុលាការ៕