(អារ៉ាប៊ីសាអ៊ូឌីត)៖ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព រីកចំរើន ពិសេសវិស័យសាសនា គឺមានសុខដុមនីយកម្មល្អប្រសើរណាស់ ហើយតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងដោះស្រាយរាល់ទុក្ខកង្វល់របស់សាសនិកឥស្លាមកម្ពុជា ដោយមិនមានការរើសអើងជាតិសាសន៍ និងសាសនាឡើយ។
លោកឧកញ៉ាសុះ កុំរី បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលលោកដឹកនាំប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោក Sheikh Abdullatif bin Abdulaziz Al-Sheikh នៅទីស្តីការក្រសួងក្នុងរាជធានីរីយ៉ាទ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោកឧកញ៉ាថ្លែងបន្តថា «កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ភាពកក់ក្តៅសិទ្ធិសេរីភាពយ៉ាងពេញលេញជូនសាសនិកឥស្លាមកម្ពុជា ក្នុងការគោរពប្រតិបត្តិសាសនា និងការងារផ្សេងៗជាច្រើនទៀត»។
ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលរយៈពេលកន្លងមកបានផ្តល់ជំនួយជួយដល់សហគមន៍ឥស្លាមកម្ពុជា នៅលើវិស័យជាច្រើនដូចជាវិស័យអប់រំ ការងារមនុស្សធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធសាសនាផ្សេងៗរួមមាន៖ វិហារឥស្លាម សូរ៉ាវ មជ្ឈមណ្ឌលអប់រំ និងសាលារៀនសាសនាឥស្លាមជាដើម។
ទន្ទឹមនេះ លោកឧកញ៉ាចាងហ្វាង បានស្នើសុំភាគីអារ៉ាប៊ីសាអូឌីត ឲ្យបន្តជួយដល់កម្ពុជាបន្ថែមទៀតជាពិសេសលើផ្នែកសំខាន់ៗមួយចំនួនដូចជា ការបន្ថែមផ្តល់់អាហារូបករណ៍ជូននិស្សិតកម្ពុជា ឲ្យមកបន្តការសិក្សានៅអារ៉ាប៊ីសាអ៊ូឌីត, បន្ថែមកូតាសម្រាប់សាសនិកឥស្លាមកម្ពុជា ដែលមានបំណងក្នុងការមកបំពេញកាតព្វកិច្ចហាជីទាំងឯកជន និងតាមរយៈការឧបត្ថម្ភរបស់ព្រះចៅសាល់ម៉ាន ពិនអាប់ឌុលអាហ្ស៉ីស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអ៉ារ៉ាប៊ីសាអូឌីត និងការជួយឧបត្ថម្ភគាំទ្រដល់ស្ថាប័នគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលជាស្ថាប័នកំពូលសម្រាប់គ្រប់គ្រង និងដឹកនាំកិច្ចការសាសនាឥស្លាមនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា Sheikh Abdullatif bin Abdulaziz Al-Sheikh បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។
ជាមួយនេះ លោកបានលើកសរសើរ និងចូលរួមសាទរចំពោះការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសសេរីភាព និងការរីកចម្រើនវិស័យសាសនាឥស្លាមនៅកម្ពុជា។ រីឯចំពោះសំណើររបស់ប្រតិភូកម្ពុជាខាងលើ លោករដ្ឋមន្ត្រីបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតនឹងពិនិត្យលទ្ធភាពជួយដល់កម្ពុជាបន្ថែមទៀត តាមការដែលអាចធ្វើទៅបាន៕