(កំពត)៖ នៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២០ លោក យូប តៃយ៉េប នាយកសមាគមស្នាមញញឹមប្រជាជន(SPA) រួមជាមួយសហការី និងក្រុមការងារ បាននាំយកនូវ អំណោយមាន កង់ និងសម្ភារៈសិក្សា ទៅចែកជូនដល់សិស្សានុសិស្ស ដែលមកពីសាលាបឋមសិក្សា ចំនួន៨ នៅក្នុងឃុំត្រពាំងភ្លាំង និងឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ការចែកអំណោយនេះ ធ្វើឡើងនៅសាលាបឋមសិក្សា វត្តកោះស្លា ឃុំត្រពាំងភ្លាំង ដែលមានសិស្សានុសិស្សចូលរួមទទួលប្រមាណជាង ២២០នាក់ មកពីសាលា ចំនួន៨។
លោក យូប តៃយ៉េប នាយកសមាគមស្នាមញញឹមប្រជាជន បានលើកឡើងថា សមាគមស្នាមញញឹមប្រជាជន គឺជាសមាគមអព្យាក្រឹត្យ មិនស្វែងរកប្រាក់ចំណេញ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មានមូលដ្ឋាននៅខេត្តព្រះសីហនុ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០១៩។ គោលបំណងជាចម្បងរបស់សមាគមស្នាមញញឹមប្រជាជន គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ ផ្ដោតការចូលរួមធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាជន។ ក្នុងរយៈពេលកន្លងមក សមាគមស្នាមញញឹមប្រជាជន បានធ្វើសកម្មភាព រួមចំណែកសំខាន់ៗ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយប្រជាពលរដ្ឋ ដែលងាយរងគ្រោះព្រមទាំងជួយការលំបាក រួមចំណែកស្ដារអភិវឌ្ឍសង្គមនៅតាមសហគមន៍ជនបទដាច់ស្រយាល បង្កើនសាមគ្គីភាព អភិរក្សវប្បធម៌ប្រពៃណី លើកកម្ពស់យុវជន យុវនារី សិស្សនិស្សិតក្រីក្រ ឲ្យទទួលបានការសិក្សារៀនសូត្រមុខវិជ្ជាជីវៈ ជំនាញ និងទទួលបានការងារសមរម្យ អប់រំផ្សព្វផ្សាយដល់ប្រជាជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន ឲ្យគោរពច្បាប់ប្រទេសជាតិ ជាពិសេសគឺច្បាប់ចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នកំពុងមានអត្រាកើនឡើង និងចូលរួមចំណែកសកម្មភាពអភិវឌ្ឍសង្គមនិងសហគមន៍ ដោយផ្ដោតសំខាន់លើធនធានមនុស្សសុខមាលភាពនិងកាត់បន្ថយភាពក្រីក្រ។
លោកនាយកសមាគមស្នាមញញឹមប្រជាជន ក៏បានឲ្យដឹងបន្តទៀតថា ជាការឆ្លើយតបជាក់ស្ដែងក្នុងថ្ងៃនេះ ដោយមើលឃើញ ពីការលំបាកខ្វះខាតរបស់សិស្សានុសិស្សមួយចំនួននៅតំបន់នេះ ពិសេសក្នុងការធ្វើដំណើរមកសាលារៀនដោយខ្វះមធ្យោបាយធ្វើដំណើរ និងខ្វះខាតសម្ភារៈសិក្សា សមាគមក៏បានរៀបចំកង់ជិះ និងសម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស ដែលមានការខ្វះខាត និងជួបការលំបាក ក្នុងនោះមានកង់ជិះ និងសម្ភារៈសិក្សា មានដូចជា សៀវភៅ ប៊ិច ដៃខ្មៅ យកមកចែកជូនដល់សិស្សានុសិស្ស។
ការចែកអំណោយនាឱកាសនោះ សិស្សទាំងនោះក្រៅពីសិស្សចំនួន ២០នាក់ ដែលមានការខ្វះខាតខ្លាំងក្នុងគ្រួសារដោយទទួលបាន កង់ជិះម្នាក់១ ដោយឡែកសិស្ស ចំនួន២២០នាក់ទៀត ក្នុងម្នាក់ៗទទួលបានសៀវភៅ៥ក្បាល ប៊ិច ខ្មៅដៃ និងសម្ភារៈមួយចំនួនទៀតផងដែរ៕