(សេអ៊ូល-កូរ៉េខាងត្បូង)៖ ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញអំពីទំនាក់ទំនងការទូតដ៏រឹងមាំ និងល្អបំផុត រវាងកូរ៉េខាងត្បូង ជាមួយកម្ពុជា តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់នូវរឿងរ៉ាវអតីតកាលរវាងកម្ពុជា និងកូរ៉េ បានឆ្លងកាត់នូវស្ថានភាពលិចអណ្តែត ដែលការលិចអណ្តែតនេះ ដោយសារបញ្ហានៅឧបទ្វីបកូរ៉េ និងសង្គ្រាមត្រជាក់។ សម្ដេចអះអាងថា ជម្លោះរវាងកូរ៉េខាងជើង និងខាងត្បូង ធ្វើឲ្យនយោបាយការទូតរបស់កម្ពុជា មានការប្រែប្រួល ប៉ុន្ដែសម្តេចបានប្រឹងប្រែងក្នុងការធ្វើឲ្យមានតុល្យភាពរវាងកូរ៉េខាងត្បូង និងខាងជើង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងរំលឹកពីការវិវឌ្ឍន៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង រហូតឈានដល់កូរ៉េខាងត្បូង ព្រមបង្កើតស្ថានទូតនៅកម្ពុជា។ បន្ទាប់ពីការពន្យល់របស់សម្តេចកូរ៉េខាងត្បូង បានព្រមដំឡើងកម្រិតពីស្ថានបេសកកម្មទៅជាស្ថានទូត ពីតំណាងបេសកកម្ម ទៅជាឯកអគ្គរដ្ឋទូត។
បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង មកដល់ពេលបច្ចុប្បន្នទទួលបានជោគជ័យខ្លាំងណាស់ ហើយសម្ដេចថា បើសិនសម្តេចមិនចុះហត្ថលេខាចងការទូតជាមួយកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៩៦ទេ ច្បាស់ជាមិនមានវត្តមានពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូងនាពេលនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ ខ្ញុំអាចនិយាយបានថា ក្នុងឋានៈជាស្ថាបនិកនៃទំនាក់ទំនងជាមួយ សាធារណៈរដ្ឋកូរ៉េ ហើយដែលមានការគាំទ្រពីព្រះមហាក្សត្រ ចាត់ទុកថា យើងមានជោគជ័យធំណាស់នៅក្នុងការបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសមួយនេះ [...] ឥលូវនេះយើងជាមួយកូរ៉េ បានឆ្លងកាត់នូវវិញ្ញាសារល្អៗ អ្វីដែលហៅថាភាពជាអាក្រក់ ក្នុងរយៈកាលជាង២០ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយគ្នានេះ មិនមានអ្វីជាស្នាមប្រេះឆានោះទេសម្រាប់យើង»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា ពេលកម្ពុជា សម្រេចចងការទូតជាមួយកូរ៉េខាងត្បូង គឺមានការព្រួយបារម្ភប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ជាមួយកូរ៉េខាងជើង ប៉ុន្ដែការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាសច្ចភាពប្រវត្តិសាស្ត្រ ដែលគេមិនអាចយកដៃទៅបាំងបាននោះឡើយ។
បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា ពិតជាមានមោទនភាព ដែលបានប្រឹងប្រែងសម្របសម្រួលឲ្យមានកិច្ចប្រជុំកំពូលខួប ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលធ្វើឡើងប៊ូសាន កាលពីឆ្នាំ២០១៩។ សម្ដេចក៏បានបង្ហាញមោទនភាពផងដែរ ដែលកម្ពុជា បានសម្របសម្រួលឲ្យមានការលើកកម្រិតទំនាក់ទំនងមេគង្គ និងកូរ៉េខាងត្បូង។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រហូតមកដល់ពេលនេះ បើនិយាយពីចំនួនពលរដ្ឋខ្មែរមកនៅកូរ៉េ មានដល់ទៅ៦៥,៥០០នាក់ ខណៈពលរដ្ឋដែលរស់នៅកូរ៉េខាងត្បូង រួមមានចិន៖ ចិន១លាន ១សែននាក់, ថៃ ២០ម៉ឺននាក់, ហ្វីលីពិន ៧៨,០០០នាក់, វៀតណាម២២ម៉ឺននាក់។
ក្នុងចំណោមនោះ សម្ដេចបានកត់សម្គាល់ឃើញថា ពលករខ្មែរដែលរស់នៅមិនស្របច្បាប់នៅកូរ៉េខាងត្បូងប្រមាណជា៧ពាន់នាក់ ដែលពលករខ្មែរមិនស្របច្បាប់មួយចំនួន ដើម្បីបានរស់នៅកូរ៉េខាងត្បូង គឺប្រឹងជេររាជរដ្ឋាភិបាល។
ដោយសារតែទំនាក់ទំនងល្អរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារអាមេរិក។ ឆ្នាំ២០១៩កន្លងទៅ ជំនួយឥតសំណងមាន ១៧លានដុល្លារ និងឆ្នាំ២០២០ គ្រោងផ្តល់ ២៤លានដុល្លារ។
បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងផ្តល់កម្ចីសម្រាប់អភិវឌ្ឍន៍ប្រមាណ ៨៨៩លានដុល្លារ បើកប្រើប្រាស់៤៤២លានដុល្លារ ហើយត្រៀមផ្តល់នៅឆ្នាំ២០១៩ ដល់២០២៣ ប្រមាណ៧០០លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍គម្រោងចំនួន១០។ ដោយឡែក ការស្ថាបនាឡើងវិញផ្លូវជាតិលេខ២ លេខ២២ ដែលបើកការដ្ឋាននៅថ្ងៃទី១១ ខែកុម្ភៈ ទទួលបានកម្ចីពីកូរ៉េខាងត្បូង។ ផ្លូវជាតិ៤៨ បំបែកពីផ្លូវជាតិលេខ៤ ទៅកោះកុង ក៏ប្រើកម្ចីរបស់កូរ៉េខាងត្បូងផងដែរ៕