(សេអ៊ូ-កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្ពាយកាដូ ជាសៀវអប់រំទូន្មាន របស់បណ្ឌិត អ៊ូ ចុង និងបណ្តាំ ក្រុម ង៉ុយ ទៅចែកជូនដល់ប្រជាពលរដ្ឋ និងក្មួយៗពលករខ្មែរ នៅកូរ៉េខាងត្បូង ដើម្បីឱ្យក្លាយទៅជាវត្ថុអនុស្សាវរីយ៍ប្រចាំជីវិត ព្រោះការប្រៀនប្រដៅរបស់អ្នកប្រាជ្ញាទាំងពីរនាក់ នៅថិតថេរ ជារៀងរហូត។
ការបន្តចែកសៀវភៅអប់រំទូន្មានរបស់បណ្ឌិត អ៊ូ ចុង និងបណ្តាំ ក្រុម ង៉ុយ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយថ្ងៃនេះ គ្មានអីទេក្មួយអើយដដែលទេ បានមកនូវសៀវភៅការប្រៀនប្រដៅរបស់ ក្រម ង៉ុយ និងមួយការប្រៀនប្រដៅរបស់ បណ្ឌិត អ៊ូ ចុង សម្រាប់ក្មួយៗយកទៅអានទៅ ឱ្យក្លាយទៅជាវត្ថុអនុស្សាវរីយ៍ ប្រចាំជីវិត ព្រោះការប្រៀនប្រដៅរបស់អ្នកប្រាជ្ញាជាន់របស់យើងនៅតែថិតថេរ»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា សៀវភៅអប់រំទូន្មានរបស់បណ្ឌិត អ៊ូ ចុង និងបណ្តាំ ក្រុម ង៉ុយ ទាំងពីក្បាលនេះ ត្រូវបានលោក ពុយ គា អ្នកកាសែតជើងចាស់មួយរូប នៅកម្ពុជា ជាអ្នកផ្តួចផ្តើមបោះពុម្ពផ្សាយសៀវភៅនេះឡើង ហើយសម្តេចជាអ្នកចំណាយថវិកា ដើម្បីចែកជូនដល់លោកគ្រូ អ្នកគ្រូ នៅទាំងប្រទេសកម្ពុជា ព្រមទាំងប្រជាពលរដ្ឋខ្មែរជាដើម។
បើតាមសម្តេចតេជោ ក៏បានលើកឡើងពីពាក្យប្រៀនប្រដៅដែលមានរៀបរាបនៅក្នុងសៀវភៅទាំងពីរក្បាលនេះ ជាវគ្គខ្លីៗ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងក្មួយៗកម្មករ-កម្មការិនី ដែលកំពុងរស់នៅ និងបម្រើការងារផ្សេងៗនៅក្នុងប្រទេសកូរ៉េ បានស្តាប់ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសៀវភៅទាំងពីរក្បាលនេះ ត្រូវអានទាំងអស់គ្នា ដើម្បីបង្កើនចំណេះដឹង និងការដឹងគុណដល់ឪពុក-ម្តាយ ចាស់ព្រឹទ្ធាចារ្យ និងមនុស្សចាស់ទុំ ជាងខ្លួនជាដើម។
សូមបញ្ជាក់ថា កម្មវិធីសម្ពោធ អគារសិក្សា និងទីចាត់ការសរុប២១បន្ទប់ នៅវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចែកសៀវភៅអប់រំ «ក្រុមង៉ុយ» ១៥ម៉ឺនក្បាល នៅតាម សាលារៀន ទូទាំងប្រទេសនៅប៉ុន្មានថ្ងៃខាងមុននេះ ហើយសម្តេចតេជោ បានបញ្ជាក់ថា ការចែកសៀវភៅនេះ នឹងធ្វើ ឡើងជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សរួម គ្នាអាន ខណៈសម្តេចមានសៀវភៅនេះចំនួនពីរក្បាល សម្រាប់អានផងដែរ៕