(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នាល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចគឺជាជនជោគជ័យ សម្រាប់នយោបាយនៅឧបទ្វីបកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងមានការខកចិត្ត ប្រសិនបើដាក់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង មិនត្រឹមតែធ្វើឱ្យកូរ៉េខាងជើងខឹង បន្ថែមដោយគ្មានការលូតលាស់ណាមួយ នៅក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ឱ្យកម្ពុជា ខ្ញុំនឹងក្លាយទៅជាជនបរាជ័យ ក៏ប៉ុន្តែឥឡូវនេះ ខ្ញុំនិយាយដោយមោទនភាពថា ខ្ញុំជាជនជោគជ័យម្នាក់ នៅក្នុងនយោបាយកូរ៉េ»។
កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងគ្នានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោមការផ្តួចផ្តើមដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក គឹម យ៉ុងសាន ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានរីកចម្រើនល្អប្រសើរជាបន្តបន្ទាប់លើគ្រប់វិស័យ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ តាមរយៈទំនាក់ទំនងនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា រីកធំធាត់ជាបន្តបន្ទាប់។ ទំហំពាណិជ្ជកម្មនៅឆ្នាំ២០១៩ មានជិត ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។
ដោយឡែកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងជើង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ដោយព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ និង លោក គីម អ៉ីលស៊ុង អតីតប្រធានាធិបតីកូរ៉េខាងជើង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា សម្រាប់កម្ពុជា គឺកម្ពុជាទទួលបានផលច្រើនជាង ក្នុងការដាក់ទំនាក់ទំនងការទូតជាមួយកូរ៉េ ហើយសម្តេចសប្បាយរីករាយត្រង់ថា ក្នុងឋានៈជាអ្នកដែលជំនះឧបសគ្គ ដើម្បីធ្វើឱ្យខាងតែបាននូវទំនាក់ទំនងកម្ពុជាជាមួយកូរ៉េ គឺមានមោទនភាព។
សម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសកូរ៉េទាំងពីរនៅតែរក្សាបានល្អ។ សម្តេចបន្តថា ពិតមែនហើយដែលកម្ពុជាត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលកម្ពុជាត្រូវគោរពដោយមិនមានជម្រើស ប៉ុន្តែទំនាក់ទំនងកម្ពុជាជាមួយកូរ៉េខាងជើង នៅតែដំណើរការធម្មតា ដោយមិនយកកូរ៉េខាងជើងជាសត្រូវទេ។
សម្តេចបញ្ជាក់ថា៖ «ប៉ុន្តែយើងនៅតែទទូចឱ្យ ឧបទ្វីកូរ៉េនេះ គ្មានអាវុធនុយក្លេអ៊ែ ដំណោះស្រាយតាមផ្លូវចរចា បើទោះបីជាការចរចារវាងកូរ៉េខាងជើង និងអាមេរិក ឬកូរ៉េខាងជើងជាមួយនឹងកូរ៉េខាងត្បូង ឬក៏ចរចាពហុភាគី សុទ្ធតែជាជម្រើសដោយសន្តិវិធីទាំងអស់»៕