(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវក្តីរីករាយ ចំពោះទំនាក់ទំនងការទូតយ៉ាងល្អរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ដែលផ្លែផ្កានៃទំនាក់ទំនងការទូតនេះ បានជួយជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២មានការរីកចម្រើនជាបន្តបន្ទាប់ និងរួមទាំងវិស័យផ្សេងៗទៀតផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងដែលកត់ត្រាដោយភាគីកូរ៉េ មានប្រមាណ១,០៣២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមកកូរ៉េចំនួន៣៣៥លានដុល្លារ ហើយកម្ពុជានាំចូលមកកូរ៉េវិញមានចំនួន៦៩៦លានដុល្លារ។ អតុល្យភាពជញ្ជីងពាណិជ្ជកម្មនេះ គឺដោយសារកម្ពុជា មានតម្រូវការនៃការនាំចូលពីកូរ៉េ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េបានកើនឡើងជាលំដាប់ ហើយការកើនឡើងនេះ មិនអាចកាត់ផ្តាច់ចេញបានទេ ពីទំនាក់ទំនងការទូតដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីផ្លែផ្កា នៃទំនាក់ទំនងការទូតយ៉ាងល្អធ្វើឲ្យកម្ពុជា អាចនាំចេញផ្លែស្វាយ ដោយផ្ទាល់មកកាន់ប្រទេសកូរ៉េ ចាប់តាំងពីខែមករា ឆ្នាំ២០២០មក។
សម្តេចតេជោបានចាត់ទុកការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសកូរ៉េនេះ គឺជាការរីកចម្រើនរបស់ផលិតផលរបស់កម្ពុជា ដែលអាចតម្រូវបានស្តង់ដារទីផ្សារ ក្នុងប្រទេសជឿនលឿន ដូចជាប្រទេសកូរ៉េខាងត្បូងនេះ។
សម្តេចថ្លែងថា ឱកាសនៃការនាំចេញផ្លែស្វាយមកកាន់ទីផ្សារប្រទេសកូរ៉េដ៏ធំនេះ ធ្វើផ្តល់ឱកាសដល់អ្នកដាំស្វាយនៅកម្ពុជា ពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំជាងមុន ព្រោះថាផ្លែស្វាយទាំងនោះមិនមែនត្រឹមតែផ្គត់ផ្គង់សម្រាប់តែប្រជាជនកូរ៉េជាង៥០លាននាក់នោះទេ គឺអាចផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ដែលមកប្រទេសកូរ៉េផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អ្នកនាំចេញស្វា យទៅកាន់ប្រទេសកូរ៉េទាំងអស់ សូមគោរពតាមស្តង់អនាម័យឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំរកស៊ីលក់ផ្លូវ ដែលនាំឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួនផង និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ផ្លែស្វាយកម្ពុជា មិនអន់ជាងផ្លែស្វាយរបស់ប្រទេសអាស៊ានទេ អីចឹងប្រភពទីផ្សារដែលយើងនាំមកកូរ៉េ វាក៏ជាផ្នែកមួយនៃការជំរុញការដាំដុះនៅប្រទេសកម្ពុជា ហើយយើងកំពុងស្វែងរកឱកាស ក្នុងការនាំចេញនូវមុខទំនិញផ្សេងៗថែមទៀត»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ បានចាប់ផ្តើមបង្កើតឲ្យមានការចរចា ការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ដែលជាឱកាសឲ្យកម្ពុជា ពង្រីកទីផ្សារនៅប្រទេសកូរ៉េកាន់តែធំ។
សម្តេចតេជោបានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងជាង៣០០លានដុល្លារអាមេរិក ហើយឆ្នាំ២០១៩កន្លងទៅនេះ ជំនួយឥតសំណងមាន១៧លានដុល្លារ និងឆ្នាំ២០២០ គ្រោងផ្តល់ឲ្យកម្ពុជា ២៤លានដុល្លារ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងផ្តល់កម្ចីសម្រាប់អភិវឌ្ឍន៍ប្រមាណ៨៨៩លានដុល្លារ បើកប្រើប្រាស់៤៤២លានដុល្លារ ហើយការត្រៀមផ្តល់នៅឆ្នាំ២០១៩ ដល់២០២៣ ប្រមាណ៧០០លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍គម្រោងចំនួន១០។
គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់កូរ៉េខាងត្បូង ដែលចុះបញ្ជីទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន២១៥គម្រោង ក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារអាមេរិក៕