(ភ្នំពេញ)៖ អគារសិក្សា១ខ្នង ៤បន្ទប់ នៃសាលាបឋមសិក្សា ព្រែកព្រលូង និងសមិទ្ធផល មួយចំនួនទៀត ស្ថិតឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីលោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
នាឱកាសនោះដែរ ក៏មានការចូលរួម ពីប្រតិភូអមដំណើរ, លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឲ្យលោកអភិបាលខេត្តក្រចេះ សប្បុរសជន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រួ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
លោក ហង់ ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា សាលាបឋមសិក្សាព្រែកព្រលូង បានកសាងឡើងនៅអំឡុងឆ្នាំ១៩៨០ ដើម្បីឲ្យសិស្សានុសិស្ស តូចៗជំនាន់នោះ បានសិក្សារៀនសូត្រនៅក្បែរផ្ទះ ដោយការយករោងបាយ សេសសល់ពីរបប ប៉ុល ពត មកធ្វើជាសាលារៀន។
លោកថា សាលារៀន មានសភាពចាស់ទ្រុឌទ្រោម នៅឆ្នាំ២០១៩ គណៈកម្មការ អាចារ្យ និងព្រះគ្រូចៅអធិការ វត្ត រួមជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ បានស្នើសុំអាជ្ញាធរ ខេត្ត ស្រុក និងសប្បុរសជនជិតឆ្ងាយ បានរួមបច្ច័យ ធ្វើការសាងសង់បានអគារថ្ម១ខ្នង ៤បន្ទប់ មានទំហំ (៩ម៉ែត្រ គុណ៣០ម៉ែត្រ) ដែលចំណាយថវិកា ចំនួនជាង២០៥លានរៀល និងបា្រក់ដុល្លារ១៧,២៥០ដុល្លារ សាងសង់រួចជាស្ថាពរ និងសម្ពោធដាក់ ឲ្យប្រើប្រាស់ នាពេលនេះ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងថា សាលារៀន គឺជាមូលដ្ឋានគ្រឺះតែមួយគត់ នៃការអភិវឌ្ឍសង្គមជាតិគ្មាន នណាម្នាក់អាចរីកចំរើនទៅបាន ដោយគ្មានការរៀនសូត្រនោះទេ។ ដូច្នេះចំណេះដឹង គឺសម្រាប់ធ្វើការអភិវឌ្ឍដល់ខ្លួនឯង និងក្រុមគ្រួសារផង ព្រមទាំងសង្គមជាតិផងដែរ។
លោកថា តាមរយៈនេះឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មិនត្រូវពឹងផ្អែក ទៅលើសាលារៀន លោកគ្រូ អ្នកគ្រូ តែមួយមុខនោះទេ តែត្រូវមានកាតព្វកិច្ចសំខាន់ និងចាំបាច់ក្នុងការជួយ និងផ្ដល់ឱកាស ដល់កូនចៅរបស់ខ្លួន បាន ទៅសិក្សារៀនសូត្រឲ្យបានពេញលេញ។
លោកបន្ដថា ឪពុកម្ដាយ ឬ អាណាព្យាបាល សិស្ស មានតួនាទីជាអ្នកកំណត់វាសនា របស់កូនចៅខ្លួនឯង និងមានការអភិវឌ្ឍគ្រប់យ៉ាង ត្រូវផ្ដើមចេញមកពីកត្តា៤យ៉ាងគឺទី១៖ ត្រូវមានសុខភាពល្អ, ទី២៖ ត្រូវមានចំណេះដឹង, ទី៣៖ មានបញ្ញា និងទី៤៖ ត្រូវមានសីលធម៌ល្អ។ លោកបណ្ឌិត បានបញ្ជាក់ថា នេះគឺជាវប្បធម៌ នៃការចែករំលែក ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកហើយថា ការកសាងគឺបញ្ចប់នោះទេ៕