(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភាជាតិ, អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យ អ៊ីស្លាមកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញអាណាព្យាបាលកុមារកំព្រាទាំងអស់ បញ្ចូនក្មេងៗទៅសិក្សារៀនសូត្រ និងខិតខំប្រឹងប្រែងសិក្សាឱ្យបានខ្លាំង ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ ស្របពេលស្រុកទេសកំពុងមានសុខសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការជំរុញបែបនេះរបស់លោកវេជ្ជបណ្ឌិត បានធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថដល់កុមារកំព្រាតាមមូលដ្ឋាន សម្រាប់ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌលផ្ទះអេមីរ៉េតសម្រាប់កុមារកំព្រា ដែលមានការអញ្ជើញចូលួមពីចំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងមន្ត្រីជាន់ខ្ពស់ខ្មែរមូស្លីមជាច្រើននាក់។

លោកវេជ្ជបណ្ឌិត សុះ មុសិន បានគូសបញ្ជាក់ថា «អរគុណសន្តិភាព» មានសន្តិភាព ទើបមានការរីកចំរើនដូចសព្វថ្ងៃនេះ ហើយសុខសន្តិភាពនេះ ពិតជាមានតម្លៃមហាធំធេងណាស់ គ្មានអ្វីមួយអាចមកកាត់ថ្លៃសន្តិភាពបានឡើយ, រាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ពិតជាបាននាំមកនូវការអភិវឌ្ឍន៍ការរីកចំរើន ហើយនឹងប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវបងប្អូនមូស្លីមទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការរីកចំរើនទាំងអស់គ្នា។

គួរជម្រាបថា គម្រោងចិញ្ចឹមកុមារកំព្រាតាមមូលដ្ឋាន ត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការជាដៃគូ រួមមាន សមាគមសប្បុរសធម៌ «ឌូបៃ» ក្រោមការសម្របសម្រួលរបស់សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា។ កុមារកំព្រាដែលទទួលបានការឧបត្ថម្ភពីគម្រោងនេះ គឺមានចំនួនសរុប ៣៣៧នាក់ (កើន ១៥២នាក់) ហើយថវិកា ដែលបានចំណាយសរុប ១០១,៥៥៦ដុល្លារ៕