(ភ្នំពេញ)៖ «មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ»។ នេះជាប្រយោគមួយឃ្លាដែលបានពោលចេញដោយផ្ទាល់មាត់របស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តបទឹកចិត្តដ៏ភក្តីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្តែងសមានចិត្តដ៏ស្មោះសរួមប្រយុទ្ធជំងឺផ្លូវដង្ហើម «កូរ៉ូណា» ជាមួយប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ បានចេញមកបង្ហាញជំហដ៏ច្បាស់លាស់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបនឹងបញ្ហាជំងឺផ្លូវដង្ហើម «កូរ៉ូណា» ដែលបាននឹងកំពុងវាយប្រហារនៅប្រទេសចិន និងរីករាតត្បាតនៅជុំវិញពិភពលោក។ ដើម្បីចូលរួមដោះស្រាយការលំបាករបស់ចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសរក្សាជើងហោះហើររវាងប្រទេសចិន និងកម្ពុជា និងមិនជម្លៀសមន្ត្រីទូត និងនិស្សិតខ្មែរពីប្រទេសចិននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រឹងប្រែងជួយព្យាបាលពលរដ្ឋចិនមួយរូបដែលកើតមានជំងឺផ្លូវដង្ហើមនៅកម្ពុជា។ ជាពិសេសជួយទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺផ្លូវដង្ហើមនេះដល់ប្រជាពលរដ្ឋចិន ក៏ដូចជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការមិនរើសអើងចំពោះប្រជាជនចិន គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគផ្លូវដង្ហើមថ្មីនេះ។
ឆ្លើយតបនឹងជំហដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន, លោក វ៉ាង វិនធាន បានលើកឡើងថា ភាគីចិនវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមានចិត្តរបស់សម្តេចតេជោ ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនចិន។
លោក វ៉ាង វិនធាន បានលើកឡើងថា កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យឃើញថាកម្ពុជា ជា «មិត្តដែកថែប» នៃប្រទេសចិនពិតប្រាកដមែន ហើយចិន និងកម្ពុជា ពិតជាសហគមន៍ជោគវាសនារួមដែល «ដកដង្ហើមរួមគ្នា និងរួមលំបាកជាមួយគ្នា» យ៉ាងពិតប្រាកដ។
លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា បានតស៊ូឈរជាមួយប្រជាជនចិន ចាប់ដៃគ្នាប្រឆាំងនឹងជំងឺវីរុសមួយនេះ ក្នុងខណៈដែលប្រទេសចិន កំពុងជួបនឹងបញ្ហាជំងឺវីរុសកូរ៉ូណា យើងខ្ញុំពិតជារំភើបជាខ្លាំង ត្រូវតែចងចាំក្នុងក្រអៅបេះដូងជានិច្ច»។
លោក វ៉ាង វិនធាន ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះ រដ្ឋាភិបាលចិន បន្តធានាពីសុវត្ថិភាព និងសុខភាពពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសចិន និងផ្តល់ការជួយជូនដល់ពលរដ្ឋកម្ពុជាទាំងអស់ រាល់មានតម្រូវការចាំបាច់។
សូមបញ្ជាក់ថា ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលផ្តើមឡើងពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានកើតមានលើមនុស្សប្រមាណ ១៧,៣៨៨នាក់ និងបណ្តាលឱ្យអ្នកជំងឺ ៣៦២នាក់ស្លាប់បាត់បង់ជីវិត។ តែក៏មានអ្នកជំងឺ ៤៨០នាក់ ត្រូវបានព្យាបាលឱ្យជាឡើងវិញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត គឺសុទ្ធតែជាជនជាតិចិន រស់នៅក្នុងប្រទេសចិន។ តែមានអ្នកស្លាប់មួយករណី ជាជនជាតិចិន ដែលបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពិន។
ក្រៅពីប្រទេសចិន ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ណាវីរុស» បានកើតមាននៅប្រទេសចំនួន២៣ផ្សេងទៀតផងដែរ៕